July 31, 2026
ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ (GMAG) នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពីសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI) សម្រាប់នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសេវាសុខភាព ការិយាល័យធានាគុណភាពសេវា និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលជាអង្គភាពអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ជំហានទី២ (H-EQIP2) នៅសណ្ឋាគារ ខេមរា ខេត្តកំពត។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាល៖
១.បំពាក់បំប៉នសិក្ខាកាមមកពីការិយាល័យធានាគុណភាព (QAO) នាយកដ្ឋានសេវាសុខភាព (PMD) និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (MCH) ឱ្យយល់ដឹងកាន់តែច្បាស់អំពីគំនិតវិទ្យាសាស្ត្រស្នូល នៃសមភាពយេនឌ័រនិងបរិយាបន្នសង្គម GESI ព្រមទាំងការអនុវត្តដោយផ្ទាល់ទៅលើអភិបាលកិច្ចសុខាភិបាល ការគ្រប់គ្រងមន្ទីរពេទ្យ ការធានាគុណភាពសេវា និងសេវាសុខភាពមាតា និងទារក។
២.គាំទ្រសិក្ខាកាមក្នុងការពិនិត្យឡើងវិញនូវផែនការសកម្មភាពតាមនាយកដ្ឋាន និងគំនិតផ្តួចផ្តើមដែលគាំទ្រថវិកាដោយគម្រោង H-EQIP2 ដើម្បីកំណត់ថាការប្រតិបត្តិការផែនការបច្ចុប្បន្នបានឆ្លុះបញ្ចាំង ឆ្លើយតប និងជួយជ្រោមជ្រែងដល់គោលដៅ GESI។
៣.កសាងសមត្ថភាពជូនក្រុមការងារបច្ចេកទេស QAO, PMD និង MCH ក្នុងការបញ្ចូលសូចនាករស្នូល ដែលឆ្លើយតបនឹង GESI ទៅក្នុងឧបករណ៍វាយតម្លៃគុណភាព ស្តង់ដារគ្រប់គ្រងមូលដ្ឋានសុខាភិបាល និងបញ្ជីផ្ទៀងផ្ទាត់ការចុះគាំទ្រការងារជាទៀងទាត់។
គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានសមាសភាពចូលរួមជាគ្រូឧទ្ទេសនាម និងសិក្ខាកាមសរុបចំនួន ២៨រូប (ស្រ្តី១៣ រូប)។