July 31, 2026
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៦ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។
ដំណើរប្រព្រឹត្តទៅនៃកិច្ចប្រជុំ គឺផ្ដោតលើ៖
១-ពិនិត្យបច្ចុប្បន្នភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្មវិធីអម និងការកែសម្រួលសមាសភាពលេខាធិការដ្ឋាន នៃអនុគណៈកម្មការទី១ ទី២ និងទី៣ រួមជាមួយនឹងលទ្ធផលនៃការដឹកនាំកិច្ចប្រជុំវិសាមញ្ញ លើកទី៤៧ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF) ដោយប្រធានលេខាធិការដ្ឋាន
២-វឌ្ឍនភាពនៃការរៀបចំរបស់អនុគណៈកម្មការទាំង៦ និងការរៀបចំប្រព្រឹត្តទៅសម្រាប់កិច្ចប្រជុំកំពូលខាងលើ
៣-ពិនិត្យ និងផ្តល់យោបល់បន្ថែមលើដំណើរការរៀបចំ និងផែនការការងាររបស់អនុគណៈកម្មការទាំង៦។
កិច្ចប្រជុំខាងលើដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយថ្នាក់ដឹកនាំ រដ្ឋមន្ត្រី រដ្ឋលេខាធិការ តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ។