August 01, 2026
ខេត្តកណ្ដាល៖ ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង ជុំទី៤ ឆ្នាំ២០២៦។
គោលបំណងបេសកកម្មផ្តោតសំខាន់លើការងាររួមមាន៖ (១)ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រងរដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង(៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ។
ជាមួយគ្នានោះដែរ ក្រុមការងារចុះពង្រឹងគុណភាពសេវាតាមមន្ទីរពេទ្យបង្អែកបានធ្វើការណែនាំលម្អិតពីការព្យាបាល និងថែទាំជម្ងឺគ្រុនឈាម និងជម្រុញឱ្យបង្កើនការយកចិត្តទុកដាក់ តាមរយៈគ្រប់ចំណុចសំខាន់ៗ៖
-ការទទួលអ្នកជម្ងឺតាំងពីពេលចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
-អំឡុងពេលដែលអ្នកជម្ងឺសម្រាកព្យាបាល
-ពេលវេលាដែលអ្នកជម្ងឺចាកចេញពីមន្ទីរពេទ្យ ដោយផ្ដោតសំខាន់ៗ លើចំណុចដែលអាចពាក់ព័ន្ធនឹងសភាពធ្ងន់ ឬស្រាល របស់អ្នកជម្ងឺ ហើយនិងអ្វីដែលត្រូវពង្រឹងក្នុងការព្យាបាល ក្នុងការថែទាំ និងការតាមដាន ដើម្បីធានាបានថាអ្នកជម្ងឺបានទទួលការព្យាបាលបានល្អត្រឹមត្រូវ ពាក់ព័ន្ធជាមួយនឹងជម្ងឺដែលត្រូវបញ្ជូន និងជម្ងឺដែលអាចត្រឡប់ទៅផ្ទះបាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រកាកោង ។