Cambodia
New Details

Image
កិច្ចពិភាក្សា ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីរបស់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាចីរភាពកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍ (HIV)

August 02, 2026

ប្រទេសប្រេស៊ីល៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ ស្តីពីជំងឺអេដស៍ ឆ្នាំ២០២៦ (AIDS 2026) លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន (Panelist) ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការបំប្លែងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល៖ ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាចីរភាពកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍ (Transforming Health Assistance: Implementing U.S. Government Bilateral MOUs for Sustainable HIV Programs)»។

ក្នុងកិច្ចពិភាក្សានេះ លោកជំទាវរដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរៀបចំ និងត្រៀមអនុវត្តកិច្ចព្រមព្រៀង (MOU) ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់រយៈពេល​៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយផ្តោតលើការពង្រឹងភាពជាម្ចាស់របស់ប្រទេស ការបង្កើនការវិនិយោគក្នុងស្រុក និងការធានាចីរភាពនៃកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍។ កិច្ចព្រមព្រៀងនេះមានទំហំថវិកាសរុប ៣៦,១ លានដុល្លារអាមេរិក ដែលគាំទ្រលើវិស័យអេដស៍ របេង គ្រុនចាញ់ និងសន្តិសុខសុខភាពសកល។

លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីវិធានការអាទិភាពរបស់កម្ពុជា រួមមាន ការពង្រីកសេវាបង្ការការឆ្លងមេរោគអេដស៍ (PrEP) ការធ្វើតេស្តរកមេរោគអេដស៍ ការពង្រឹងការព្យាបាលដោយឱសថប្រឆាំងមេរោគ (ART) ការតាមដានបរិមាណមេរោគក្នុងឈាម (Viral Load Monitoring) ការបង្ការការចម្លងពីម្តាយទៅកូន (PMTCT) ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាលឌីជីថល និងការប្រើប្រាស់ទិន្នន័យសម្រាប់ការសម្រេចចិត្ត និងការកែលម្អគុណភាពកម្មវិធី។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលខាធិការ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំការងារនេះ ឱ្យសម្រេចបាន និងមានការចុះកិច្ចព្រមព្រៀង (MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការគាំទ្រលើវិស័យអេដស៍ របេង គ្រុនចាញ់ និងសន្តិសុខសុខភាពសកល។

ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា កម្ពុជាបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ អង្គការក្នុងស្រុក សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា សមិទ្ធផលដែលសម្រេចបានក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ នឹងត្រូវបានធានា និងពង្រឹងបន្ថែមឆ្ពោះទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍ជាបញ្ហាសុខភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្រជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image