August 04, 2026
សាធារណរដ្ឋសហព័ន្ធប្រេស៊ីល៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាពិសេស (Satellite Session) ដែលរៀបចំដោយអង្គការ Clinton Health Access Initiative (CHAI) ក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីជំងឺអេដស៍ លើកទី២៦ (AIDS 2026) នៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល។
វេទិកានេះប្រព្រឹត្តទៅក្រោមប្រធានបទ «Resilience in Action: Government-Led Strategies for Sustaining HIV Programs as Aid Declines» ដោយមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងបណ្តាប្រទេសអំពីការពង្រឹងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលក្នុងការរក្សានិរន្តរភាពកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍ និងការឆ្លើយតបចំពោះការថយចុះនៃជំនួយអន្តរជាតិ។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ បានធ្វើបទអន្តរាគមន៍ចែករំលែកបទពិសោធន៍របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការធានានិរន្តរភាពនៃកម្មវិធីអេដស៍ ជាពិសេសការរក្សាសមិទ្ធផលលើសគោលដៅ ៩៥-៩៥-៩៥ ការរៀបចំផែនទីបង្ហាញផ្លូវស្តីពីនិរន្តរភាព និងអន្តរកាលនៃកម្មវិធី (Sustainability and Transition Roadmap) ព្រមទាំងការត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបង្ការមេរោគអេដស៍ថ្មីៗ ដូចជា Lenacapavir រួមទាំងការពិចារណាលើគោលនយោបាយ យន្តការហិរញ្ញប្បទាន និងការធានាលទ្ធភាពទទួលបានសេវាប្រកបដោយសមធម៌ និងនិរន្តរភាព។