August 04, 2026
ទីក្រុងគូឡាឡាំពួ៖ ព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (3rdJoint Commission on Bilateral Cooperation-JCBC) កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំបានប្រព្រឹត្តិទៅ ក្រោមសហប្រធាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Dato’ Seri Utama Haji Mohamad Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅរៀងរាល់២ឆ្នាំម្តង ដោយមានការចូលរួមពីប្រតិភូតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ រួមទាំងក្រសួងសុខាភិបាល។
កិច្ចប្រជុំបានពិភាក្សាផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមក ទាំងលើទិដ្ឋភាពពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការជំរុញពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ កិច្ចសហប្រតិបត្តិការសន្តិសុខ ព្រមទាំងការពិភាក្សាលើបញ្ហានយោបាយសកលលោក និងតំបន់។
ភាគីទាំងពីរក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យអាទិភាពជាច្រើនរួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម អប់រំ សុខាភិបាល សន្តិសុខ ការពារជាតិ ការងារ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកំណត់ហេតុកិច្ចប្រជុំ លើវិស័យសំខាន់ៗខាងលើ។
ជាចុងបញ្ចប់ ឯកឧត្តមសហប្រធានទាំងពីរបានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំ JCBC កម្ពុជា-ម៉ាឡេស៊ី លើកទី៣ ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល។