Cambodia
New Details

Image
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមក្របខណ្ឌគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ នៅកម្ពុជា។

August 06, 2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមក្របខ័ណ្ឌគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ នៅកម្ពុជា។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីក្នុងឆមាសទី១ ឆ្នាំ២០២៦ ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំរបាយការណ៍ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ព្រមទាំងពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីដាក់ចេញនូវដំណោះស្រាយ និងវិធានការកែលម្អសម្រាប់ការអនុវត្តនៅឆមាសបន្ទាប់។

ជាលទ្ធផល កិច្ចប្រជុំបានវាយតម្លៃថា៖
- ការអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ទាំងផ្នែកសូចនាករកម្មវិធី ការងារលទ្ធកម្ម និងការប្រើប្រាស់ថវិកាហិរញ្ញប្បទានឥតសំណងមូលនិធិសកល ប្រកបដោយប្រសិទ្ធភាព។
- អង្គប្រជុំបានផ្តល់មតិយោបល់ និងអនុសាសន៍សំខាន់ៗជាច្រើន ដែលនឹងត្រូវបញ្ចូលជាធាតុចូលក្នុងការរៀបចំរបាយការណ៍ប្រចាំឆមាស ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមតម្រូវការរបស់ម្ចាស់ជំនួយ និងអាចដាក់ជូនមូលនិធិសកលបានទាន់ពេលវេលាកំណត់។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលដ៏គួរឱ្យមោទនភាពរបស់ប្រទេសកម្ពុជា ដែលទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ ក្នុងឱកាសចូលរួម សន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍លើកទី២៦ (AIDS 2026) ដែលបានប្រារព្ធធ្វើនៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ ក្នុងនោះ ប្រទេសកម្ពុជា គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់ ដែលសម្រេចបានគោលដៅ ៩៥-៩៥-៩៥ មុនផែនការកំណត់ ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ និងជាការបង្ហាញពីប្រសិទ្ធភាពនៃប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។

លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងកម្មវិធីជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធី។ ជាពិសេស លោកជំទាវ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានានិរន្តរភាពនៃកម្មវិធីសុខាភិបាលនៅកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោងមូលនិធិសកល ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ មន្ត្រីគម្រោងមូលនិធិសកល និងតំណាងដៃគូអភិវឌ្ឍន៍ រួមមាន UNAIDS, UNOPS, CHAI, LFA, KHANA, RHAC, CHC, CRS, FHI 360, HACC និង Chhouk Sar Association សរុបចំនួន ៤៦នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15

Gallery Gallery
1 / 1
Gallery image