August 06, 2026
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូអង្គការ United Nations Office for Project Services (UNOPS) ដឹកនាំដោយលោកស្រី Eda Kraja ប្រធានតំណាងប្រចាំប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះអង្គការ UNOPS តែងតែចូលរួមក្នុងការគាំទ្រដល់កម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺរបេង ព្រមទាំងផ្នែកលទ្ធកម្មសម្ភារៈសុខាភិបាល និងឧបករណ៍វេជ្ជសាស្ត្រ ក្នុងអំឡុងពេលឆ្លើយតបនឹងជំងឺកូវីដ-១៩ កន្លងមក។
ក្នុងជំនួបនេះ លោកស្រី Eda Kraja បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានបន្តផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តកម្មវិធីសុខាភិបាលនានានៅកម្ពុជា និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ UNOPS ក្នុងការបន្តគាំទ្រកិច្ចសហប្រតិបត្តិការនេះ ជូនដល់ក្រសួងសុខាភិបាល។
គណៈប្រតិភូ UNOPS ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ (RAI4E) ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (CNM) ក៏ដូចជាការគាំទ្រផ្នែកលទ្ធកម្មឱសថ សម្ភារៈវេជ្ជសាស្ត្រ និងបរិក្ខារសុខាភិបាល សម្រាប់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) ក្រោមការគាំទ្រពីមូលនិធិសកល (Global Fund)។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងលទ្ធកម្ម ការធានាគុណភាពនៃការផ្គត់ផ្គង់ និងការប្រើប្រាស់ថវិកាឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ព្រមទាំងការរៀបចំផែនការសម្រាប់ការអនុវត្តការងារក្នុងរយៈពេលដែលនៅសល់នៃឆ្នាំ២០២៦។
ជាមួយគ្នានេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្គត់ផ្គង់សម្ភារៈសុខាភិបាល ការគ្រប់គ្រងស្តុក ការធ្វើផែនការលទ្ធកម្ម ការពង្រឹងប្រព័ន្ធគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ និងការប្រើប្រាស់ទិន្នន័យសម្រាប់ការព្យាករណ៍តម្រូវការឱសថ និងសម្ភារៈវេជ្ជសាស្ត្រ។
លោកជំទាវរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ UNOPS ក្នុងការលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងលទ្ធកម្មសុខាភិបាល។
ជំនួបនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។