Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាព ការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តកំពង់ស្ពឺ។

August 10, 2026

ខេត្តកំពង់ស្ពឺ៖ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាព ការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពចំនួន៧ ក្នុងខេត្តកំពង់ស្ពឺ។

គោលបំណងនៃបេសកកម្មនេះ គឺដើម្បីជួយជំរុញការលើកកម្ពស់គុណភាព និង ការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងក្នុងសហគមន៍  រាប់បញ្ចូលទាំងមណ្ឌលសុខភាពដែលពិន្ទុស្តីពីគុណភាពនៅមានកម្រិតនៅឡើយ  ស្របតាមសេចក្តីណែនាំស្តីពីសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព (MPA Guidelines) និងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ( PHC-BIF)នៃក្រសួងសុខាភិបាល ។

ក្នុងអំឡុងពេលនៃការពិនិត្យមើលការងារ និងកិច្ចសន្នាជាមួយមន្ត្រី បុគ្គលិក តំណាងមណ្ឌលសុខភាពនីមួយៗ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់ព័ត៌មាន និងអនុសាសន៍ត្រឡប់ ជូនដល់មន្រ្តី បុគ្គលិកមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាថែទាំសុខភាពជាអទិភាព ពិសេស សេវាជំងឺទូទៅ សេវាជំងឺមិនឆ្លង សេវាសុខភាពមាតា និងទារក ព្រមទាំងការចាក់ថ្នាំបង្ការ សេវាជំងឺឆ្លង ការរក្សាអនាម័យល្អ និងការយកចិត្តទុកដាក់លើគុណភាពសេវា ធ្វើអោយប្រជាជនមានទំនុកចិត្ត  និងធានាឱ្យបាននូវការប្រចាំការសេវា ២៤ម៉ោង លើ ២៤ម៉ោង ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានថ្លែងការកោតសរសើរ ដល់មន្ត្រី បុគ្គលិកមណ្ឌលសុខភាពទាំងអស់ ដែលយកចិត្តទុកដាក់ និងខិតខំបម្រើសេវាថែទាំសុខភាព ជូនប្រជាជននៅក្នុងតំបន់របស់ខ្លួនបានយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំង ០៧ ដែលបានចុះពិនិត្យនោះ រួមមាន៖ មណ្ឌលសុខភាពរកាកោះ មណ្ឌលសុខភាពព្រៃជម្ពូមានអង្គ មណ្ឌលសុខភាពក្រសាំងចេក  មណ្ឌលសុខភាពក្សេមក្សាន្តត្រាចទង  មណ្ឌលសុខភាពដំណាក់ចាន់  មណ្ឌលសុខភាពវាលអង្គពពេល និង មណ្ឌលសុខភាពណូនរ៉នជំពូព្រឹក្ស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

Gallery Gallery
1 / 1
Gallery image