Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «ដើមទុនសំខាន់ក្នុងការអភិវឌ្ឍខ្លួន និង សហគមន៍ គឺផ្តើមចេញពីគំនិត ពេលវេលា និងសុចរិតភាព»
February 04, 2025

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជា អធិបតីក្នុងពិធីបើក "វេទិកាជម្រុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ" ដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ វេទិកានេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន ២៣២ នាក់ ក្នុងនោះចូលរួមដោយផ្ទាល់ចំនួន ១៥០នាក់ និងតាមប្រព័ន្ធនិមិ្មត ៨២នាក់។ 

វេទិកាជំរុញកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងចម្បង ដើម្បីបង្ហាញពីគោលដៅ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជួយអភិវឌ្ឍវិទ្យាស្ថានកន្លងមក។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ គឺជាសេនាធិការបច្ចេកទេសវិទ្យាសាស្រ្តរបស់ក្រសួងសុខាភិបាល ដែលមានបេសកកម្មចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈ (១)ការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើជំនាញសុខភាពសាធារណៈ (២)ការពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពិសោធន៍វេជ្ជសាស្រ្តទូទាំងប្រទេស និង (៣)ការស្រាវជ្រាវ និងគាំទ្រគោលនយោបាយសុខាភិបាល។ ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មានចក្ខុវិស័យប្រែក្លាយខ្លួនជា៖ 

-គ្រឹះស្ថានឧត្តមសិក្សាដែលឈានមុខក្នុងការអប់រំ និងបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈ និងផ្នែកពាក់ព័ន្ធ ប្រកបដោយគុណភាព។

-មន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិដែលឈានមុខក្នុងការពង្រឹងគុណភាព និងពង្រីកសមត្ថភាពមន្ទីរពិសោធន៍វេជ្ជសាស្រ្តទូទាំងប្រទេស។

-មជ្ឈមណ្ឌលឈានមុខក្នុងការសិក្សាស្រាវជ្រាវ ផ្នែកសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាល ប្រកបដោយគុណភាពវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់និងចូលរួមគាំទ្រការរៀបចំគោលនយោបាយសុខាភិបាលជាតិឱ្យស្របទៅនឹងស្ថានភាពក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានរៀបចំវេទិការដ៍មានសារៈសំខាន់នេះ ដើម្បីគៀងគរការចូលរួមពីភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ក្នុងការងារពង្រឹងវិទ្យាស្ថាន ក្នុងការសម្រេចចក្ខុវិស័យរបស់ខ្លួន។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រពន្ធ័សុខាភិបាល និងចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការពង្រឹងវិស័យសុខាភិបាល និង វិស័យអប់រំ ដែលវិស័យទាំងពីរនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រទេសកម្ពុជាឱ្យឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ក្នុងការលើកទឹកចិត្ត និងបន្តគាំទ្រដល់វិទ្យាស្ថាន ដូចខាងក្រោម៖

១. ក្នុងការងារកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ វិទ្យាស្ថានត្រូវប្រកាន់យកភាពជាម្ចាស់ក្នុងការអនុវត្តសកម្មភាព និងត្រូវរិះរកយន្តការដើម្បីធានាឱ្យមាននិរន្តរភាពនៃសកម្មភាពដែលមានផលជះជាវិជ្ជមានដល់ប្រពន្ធ័សុខាភិបាល។

២. ថ្នាក់ដឹកនាំ និងបុគ្គលិកវិទ្យាស្ថានត្រូវពង្រឹងសមត្ថភាពខ្លួនជានិច្ច ដើម្បីឆ្ពោះទៅរកឧត្តមភាពលើជំនាញសុខភាពសាធារណៈ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត និងការសិក្សាស្រាវជ្រាវលើប្រពន្ធ័សុខាភិបាល ធ្វើយ៉ាងណាឲ្យសមនឹងវិសាលភាពនៃឈ្មោះរបស់ខ្លួន។ 

៣. នៅក្នុងបិរបទនៃសុខាភិបាលឌីជីថល វិទ្យាស្ថានត្រូវពង្រឹងសមត្ថភាពលើជំនាញគ្រប់គ្រងទិន្នន័យ និង ប្រើប្រាស់ទិន្នន័យឱ្យអស់លទ្ធភាព ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទាន់សម័យ និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់សុខភាពនៅកម្ពុជា។

៤. វិទ្យាស្ថានគួរពង្រីកវិសាលភាពរបស់ខ្លួនសម្រាប់ជួយបណ្តុះបណ្តាល និងពង្រឹងការសិក្សាស្រាវជ្រាវនៅតាមមន្ទីរពេទ្យសម្រាប់ប្រើប្រាស់ក្នុងការកែលម្អគុណភាពសេវា ជាពិសេសបណ្តុះធនធានលើផ្នែកអេពីដេមីសាស្ត្រ និងកម្រិតបណ្ឌិតសុខភាពសាធារណៈ ដែលជាតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល។

៥. វិទ្យាស្ថានត្រូវបន្តពង្រីកកម្មវិធីកែលម្អគុណភាពសេវាមន្ទីរពិសោធន៍របស់ខ្លួន សម្រាប់ប្រើប្រាស់ឱ្យបានទូលំទូលាយក្នុងការងារកែលម្អគុណភាពសេវាមន្ទីរពិសោធន៍នៅទូទាំងប្រទេស។


៦. វិទ្យាស្ថានត្រូវពង្រឹងបណ្តាញមន្ទីរពិសោធន៍សុខភាពសាធារណៈនៅក្នុងប្រទេស ដើម្បីបង្កើនប្រសិទ្ធិភាពនៃការងារតាមដានការរីករាលដាលនៃជំងឺឆ្លង និង គ្រោះអាសន្នសុខភាពសាធារណៈផ្សេងៗឱ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស មេដាយការងារដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិ និងភាគីពាក់ព័ន្ធ ចំនួន ២០រូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍវិទ្យាស្ថានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19