August 21, 2026
ខេត្តសៀមរាប៖ ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ្រប់គ្រងគម្រោង H-EQIP 2 បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារផ្អែកលើសមិទ្ធផល នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២»។ ពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ លោកជំទាវ ប៉ែន រិកស៊ី រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោក Benjamin David Zinner មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល នៃធនាគារពិភពលោក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (NPCA) មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តចំនួន ៨ និងដៃគូអភិវឌ្ឍន៍នៃគម្រោង H-EQIP 2។
សិក្ខាសាលានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ទី១ ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងជារួម ធៀបនឹងគោលដៅដែលបានកំណត់សម្រាប់ឆ្នាំទី៤ នៃគម្រោង។ ទី២ ពិនិត្យវឌ្ឍនភាពនៃការដោះស្រាយចំណុចសំខាន់ៗ ដែលបានលើកឡើងក្នុងកិច្ចប្រជុំ ពិនិត្យការអនុវត្តគម្រោងលើកទី៧ និងការពិនិត្យពាក់កណ្តាលអាណត្តិ ជាពិសេសការអនុវត្តសេវាពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងមហារីកមាត់ស្បូន និងការពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម។ និងទី៣ ពិភាក្សា និងឯកភាពលើអាទិភាពសំខាន់ៗ និងការកែសម្រួលចាំបាច់សម្រាប់រយៈពេលដែលនៅសល់នៃគម្រោង រួមទាំងការរៀបចំផែនការប្រើប្រាស់ថវិកា ដែលនៅសល់ឱ្យបានសមស្រប មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងអាទិភាពរបស់គម្រោង។
ក្នុងមតិចំណាប់អារម្មណ៍ ឯកឧត្តមវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា សិក្ខាសាលានេះជាវេទិកាដ៏មានសារៈសំខាន់សម្រាប់គ្រប់នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ក្នុងការឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបាន ពិនិត្យបញ្ហាប្រឈម និងចំណុចខ្វះខាត ចែករំលែកបទពិសោធន៍ និងស្វែងរកដំណោះស្រាយជាក់ស្តែងដោយផ្អែកលើទិន្នន័យ និងភស្តុតាង។ ជាមួយគ្នានេះ សិក្ខាសាលាក៏ជាឱកាសសម្រាប់ពង្រឹងការទទួលខុសត្រូវ កិច្ចសហការ និងការសម្របសម្រួលរវាងអង្គភាពអនុវត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាជំរុញការអនុវត្តគម្រោង H-EQIP 2 ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅដែលបានកំណត់។
ជាមួយគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិត បានលើកទឹកចិត្ត និងជំរុញដល់គ្រប់នាយកដ្ឋាន និងអង្គភាពអនុវត្តតាមសមាសភាគនីមួយៗ ឱ្យបន្តខិតខំប្រឹងប្រែង និងពន្លឿនការអនុវត្តសកម្មភាពដែលនៅសេសសល់ ឬមានភាពយឺតយ៉ាវ ព្រមទាំងពង្រឹងការសម្របសម្រួល និងកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា និងធានាថា សកម្មភាពនីមួយៗត្រូវបានអនុវត្តស្របតាមផែនការ សូចនាករ និងពេលវេលាកំណត់របស់គម្រោង។
ជាចុងក្រោយ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានបង្ហាញការរំពឹងទុកថា តាមរយៈសិក្ខាសាលានេះ គ្រប់នាយកដ្ឋាន និងអង្គភាពអនុវត្តគម្រោង នឹងមានការយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពនៃការអនុវត្ត អាទិភាព បញ្ហាប្រឈម និងការងារដែលត្រូវពន្លឿន ព្រមទាំងអាចរៀបចំផែនការសកម្មភាពជាក់ស្តែង សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដោយមានការបែងចែកតួនាទី និងការទទួលខុសត្រូវច្បាស់លាស់។ ឯកឧត្តមវេជ្ជបណ្ឌិតក៏បានសង្កត់ធ្ងន់លើការប្រើប្រាស់ថវិកា ដែលនៅសល់ឱ្យបានសមស្រប និងមានប្រសិទ្ធភាព ដើម្បីពន្លឿនការអនុវត្ត និងធានាឱ្យសម្រេចបាននូវគោលដៅ សូចនាករ និងលទ្ធផលដែលបានកំណត់របស់គម្រោង H-EQIP 2។