Cambodia
New Details

Image
ពិធីប្រគល់-ទទួលអំណោយជាឱសថ ចំនួន ៤ប្រភេទ ដែលជាជំនួយពីអង្គការ Direct Relief, Santa Barbara សហរដ្ឋអាមេរិក តាមរយៈមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ជូនក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
February 05, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅឃ្លាំងឱសថកណ្តាល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលអំណោយជាឱសថ ចំនួន ៤ប្រភេទ ដែលក្នុងនោះមានឱសថចំនួន ៣ប្រភេទ សម្រាប់ប្រើប្រាស់ព្យាបាលជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង និងឱសថចំនួន ១ប្រភេទ ទៀតសម្រាប់ប្រើប្រាស់ព្យាបាលជំងឺមហារីក ដែលស្មើនឹងទឹកប្រាក់ចំនួន USD ៤,៤០៤.៨៣ ជាជំនួយពីអង្គការ Direct Relief, Santa Barbara សហរដ្ឋអាមេរិក តាមរយៈមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ជូនក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីនេះ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការ Direct Relief, Santa Barbara ក៏ដូចជា មន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ខេត្តកំពត ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រជំនួយឧបត្ថម្ភ ដ៏មានតម្លៃនេះ ដែលត្រូវបានកត់សម្គាល់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងវិស័យសុខាភិបាល និងដើម្បីចូលរួមចំណែកដល់ការកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាល នូវគុណភាព និងសុវត្ថិភាព នៃការផ្តល់សេវាសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6