Cambodia
New Details

Image
កម្ពុជាបោះជំហានទៅរកការកសាងប្រព័ន្ធគាំពារសង្គមឌីជីថល ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

August 24, 2026

រាជធានីភ្នំពេញ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “សេចក្ដីព្រាងក្របខណ្ឌអន្តរប្រតិបត្តិការ និងនិម្មាបនកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម” និង “សេចក្ដីព្រាងគោលការណ៍ណែនាំ ស្ដីពីការការពារទិន្នន័យក្នុងប្រព័ន្ធគាំពារសង្គម” ក្នុងគោលបំណងពិភាក្សា ផ្លាស់ប្ដូរយោបល់ និងប្រមូលធាតុចូល សំដៅធ្វើឱ្យការរៀបចំឯកសារទាំងពីរ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអនុវត្ត ក៏ដូចជាពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា។

សិក្ខាសាលានេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលត្រូវបានសហការរៀបចំឡើងដោយលេខាធិការដ្ឋាន អ.ប.ប. អង្គការ UNICEF ប្រចាំប្រទេសកម្ពុជា និងទីភ្នាក់ងារគំនិតផ្តួចផ្តើមបង្រួបបង្រួមឌីជីថល (Digital Convergence Initiative) ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករគាំពារសង្គម និងដៃគូអភិវឌ្ឍន៍។

សិក្ខាសាលានេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការសម្រេចនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងរដ្ឋាភិបាលឌីជីថល និងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចសង្គម។

ក្រសួងសុខាភិបាល បានចាត់ទុកការងារនេះជាអាទិភាពខ្ពស់ ស្របតាមគោលនយោបាយជាតិក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន។ ការដាក់ឱ្យប្រើប្រាស់ ក្របខណ្ឌអន្តរប្រតិបត្តិការ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់វិស័យសុខាភិបាលតាមរយៈ៖
1-ការពង្រឹងការតភ្ជាប់ទិន្នន័យសុខភាព៖ អនុញ្ញាតឱ្យមានការផ្លាស់ប្តូរព័ត៌មានរវាងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមដោយរលូន ដែលជួយឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកមានបណ្ណសមធម៌ ឬបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) អាចទទួលបានសេវាព្យាបាល និងការថែទាំសុខភាពបានកាន់តែលឿន និងត្រឹមត្រូវ។
2-ការធានាសុវត្ថិភាពទិន្នន័យអ្នកជំងឺ៖ តាមរយៈ គោលការណ៍ណែនាំស្តីពីការការពារទិន្នន័យ ក្រសួងនឹងអាចធានាបាននូវកម្រិតសុវត្ថិភាពខ្ពស់បំផុតលើកំណត់ត្រាសុខភាពផ្ទាល់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃទំនុកចិត្ត និងសិទ្ធិឯកជនភាពរបស់អ្នកជំងឺ។
3-ការបង្កើនប្រសិទ្ធភាពសេវាសាធារណៈ៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនឹងកាត់បន្ថយពេលវេលារង់ចាំ និងការកកស្ទះនៅតាមមូលដ្ឋានសុខាភិបាល តាមរយៈការគ្រប់គ្រងទិន្នន័យអ្នកជំងឺបែបទំនើប ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះគុណភាពជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ។

សិក្ខាសាលានេះ មិនត្រឹមតែជាការផ្លាស់ប្តូរយោបល់ដើម្បីកែលម្អឯកសារគតិយុត្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោះជំហានរួមគ្នា ដើម្បីធានាថាប្រព័ន្ធគាំពារសង្គមរបស់យើង មានភាពឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងអាចឆ្លើយតបបានគ្រប់កាលៈទេសៈ ស្របតាមផែនការយុទ្ធសាស្រ្តបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image