Cambodia
New Details

Image
ចុះសួរសុខទុក្ខ និងអប់រំសុខភាព ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទន្លេមេគង្គនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

August 26, 2026

ខេត្តត្បូងឃ្មុំ៖ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខ និងអប់រំសុខភាព ការការពារសុវត្ថិភាពក្នុងការនៅរបស់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គ នៅទីសុវត្ថិភាពក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងការអប់រំសុខភាពរួមមាន៖
-សុវត្ថិភាពស្នាក់នៅ និងអគ្គិសនី៖ មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ប្រុងប្រយ័ត្នការប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកជាដាច់ខាត។
-ការការពារជំងឺ៖ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីកនិងជំងឺ ផ្សេងៗ។ ត្រូវងូតទឹកដុះសាប៊ូ ឱ្យបានស្អាត ដើម្បីបង្ការជំងឺសើស្បែក ពងទឹក កមរមាស់។
-សុខភាពមាតា និងទារក៖ ស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់ បើស្ត្រីជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ត្រូវនាំកូនៗ ទៅចាក់ថ្នាំបង្ការតាមការកំណត់ និងត្រូវផ្តល់អាហារដោយរក្សាអនាម័យ។
-សុវត្ថិភាពការធ្វើដំណើរ៖ ការធ្វើដំណើរតាមទូកឬការណូត មិនត្រូវដាក់មនុស្សហួសកម្រិតឡើយ។ ការធ្វើដំណើរពេលយប់ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាពជានិច្ច។
-ការបង្ការសត្វអសិរពិស៖ ត្រូវប្រុងប្រយ័ត្នពស់ចឹក ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួល សុវត្ថិភាព ឬគំនរឈើ។ ធ្វើដំណើរពេលយប់ ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ បើមានពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។
-អនាម័យចំណីអាហារ និងទឹកស្អាត៖ ត្រូវ ទទួលទានទឹកស្អាត ដោយប្រើធុងចម្លោះ ឬដាំទឹកឱ្យពុះ ឬប្រើថ្នាំក្លរីន ឬក្លរ៉ាមីន ៥០០មក្រ ដើម្បីចៀសវាងឆ្លងជំងឺផ្សេងៗ ដូចជា ជំងឺរាក ជំងឺរាកមូល ពុលចំណីអាហារ ឬជំងឺផ្លូវដង្ហើម ស្រួចស្រាវ និងជំងឺដទៃផ្សេងទៀត។ ត្រូវលាងសម្អាតបន្លែ ផ្លែឈើ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងគ្រប អាហារឱ្យបានជិតល្អ។ លាងសម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image