August 27, 2026
ខេត្តសៀមរាប៖ ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលថ្នាក់តំបន់ ស្តីពីការប្រាស្រ័យទាក់ទងអន្តរបុគ្គល សម្រាប់ការចុះបញ្ជីជំងឺមហារីក បែបប្រជាសាស្ត្រនៅកម្ពុជា Population-Based Cancer Registry (PBCR) Communication Training in Cambodia។
ឯកឧត្តមរដ្ឋលេខាធិការ បានវាយតំលៃខ្ពស់ និងថ្លែងអំណរគុណដល់អង្គការ Vital Strategies ដែលបានឧបត្ថម្ភគាំទ្រ រៀបចំវគ្គបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិដ៏មានសារៈសំខាន់នេះឡើង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីការងារគ្រប់គ្រងជំងឺមហារីកនៅកម្ពុជា ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមការងារគ្រប់គ្រងជំងឺមហារីកបានរៀបចំ និងអនុវត្តនូវកិច្ចការអាទិភាពមួយចំនួនដូចខាងក្រោម៖
១)ក្រសួងសុខាភិបាល បានរៀបចំផែនការជាតិគ្រប់គ្រងជំងឺមហារីក ២០២៥-២០៣០ ដែលបានដាក់ឱ្យប្រើប្រាស់ ចាប់ពីខែឧសភា ឆ្នាំ២០២៥ កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
២)បានរៀបចំដំណើរការចុះបញ្ជីជំងឺមហារីក បែបប្រជាសាស្ត្រ PBCR ចាប់តាំងពីឆ្នាំ២០២៣ ដោយការប្រមូលទិន្នន័យសម្រាប់ការចុះបញ្ជីនេះធ្វើឡើងនៅរាជធានីភ្នំពេញ និងមានការឧបត្ថម្ភគាំទ្រពីអង្គការ Vital Strategies
៣)បានរៀបចំក្រុមការងារបច្ចេកទេសមួយចំនួន ដែលទាក់ទងនឹងកិច្ចការជំងឺមហារីក ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក
៤)បាន និងកំពុងធ្វើនវានុវត្តន៍ពីការចុះបញ្ជីមហារីក Offline ទៅ Online។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើសុំទៅដល់សិក្ខាកាម ដែលអញ្ជើញមកពីបណ្ដាប្រទេសផ្សេងៗ ដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះជួយចែករំលែកបទពិសោធន៍ ពីប្រទេសរបស់ខ្លួន ដើម្បីធ្វើការចែករំលែករវាងគ្នាទៅវិញទៅមកក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារឱ្យបានកាន់តែល្អប្រសើរ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ដោយមានអ្នកចូលរួមអញ្ជើញមកពីប្រទេសកម្ពុជា វៀតណាម ស្រីលង្កា អាហ្វ្រិក និងគ្រូបង្គោលសម្របសម្រួលមកពីអង្គការ Vital Strategies សរុបចំនួន ២៧រូប។