Cambodia
New Details

Image
សិក្ខាសាលាផ្សព្វផ្សាយមគ្គុទេសក៍ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ​។

August 27, 2026

ខេត្តកំពត៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល (គ.ថ.ព.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយមគ្គុទេសក៍ព្យាបាលគ្លីនិក (Clinical Practice Guidelines – CPGs) សម្រាប់ផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្ត្រី និងទន្តសាស្ត្រ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១.ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីមគ្គុទេសក៍ព្យាបាលគ្លីនិក និងខ្លឹមសារសំខាន់ៗនៃមគ្គុទេសក៍នីមួយៗ
២.បង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ និងអ្នកផ្តល់សេវាសុខាភិបាល ក្នុងការប្រើប្រាស់មគ្គុទេសក៍ព្យាបាលគ្លីនិកឱ្យបានត្រឹមត្រូវ សមស្រប និងមានប្រសិទ្ធភាពខ្ពស់
៣.ជំរុញការអនុវត្តមគ្គុទេសក៍ព្យាបាលគ្លីនិកជាក់ស្តែង នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែកថ្នាក់ខេត្ត ឱ្យសមស្របទៅនឹងបរិបទ និងសមត្ថភាព របស់មូលដ្ឋាននីមួយៗ
៤.លើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ តាមរយៈការអនុវត្តការថែទាំ និងព្យាបាលដែលមានស្តង់ដារ និងផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ
៥.បង្កើនភាពស៊ីសង្វាក់គ្នា នៃការអនុវត្តការងារគ្លីនិករវាងមន្ទីរពេទ្យ និងស្ថាប័នសុខាភិបាលពាក់ព័ន្ធ ដើម្បីរួមចំណែកកាត់បន្ថយភាពខុសគ្នាដែលមិនចាំបាច់ក្នុងការផ្តល់សេវាព្យាបាល។

ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានមានប្រសាសន៍ផ្តាំផ្ញើដល់អង្គសិក្ខាសាលា នូវចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
-សូមបន្តអនុវត្តនូវចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលា ព្រមទាំងផ្សព្វផ្សាយបន្ត ដើម្បីជំរុញការអនុវត្តមគ្គុទេសក៍ព្យាបាលគ្លីនិកឱ្យបានទូលំទូលាយ
-សូមពង្រឹងការបណ្តុះបណ្តាលបន្តក្នុងពេលបំពេញការងារ (In-Service Training) ស្តីពីមគ្គុទេសក៍ព្យាបាលគ្លីនិកទាំងនេះ ឱ្យបានជាប្រចាំ និងមាននិរន្តរភាព
-សូមផ្តល់ព័ត៌មានត្រឡប់ (Feedback) អំពីការប្រើប្រាស់មគ្គុទេសក៍ព្យាបាលគ្លីនិក ដូចជា ភាពងាយស្រួលក្នុងការប្រើប្រាស់ បញ្ហាប្រឈម ការលំបាកក្នុងការអនុវត្ត ព្រមទាំងមតិយោបល់ និងសំណើកែលម្អផ្សេងៗ ដើម្បីជាមូលដ្ឋានសម្រាប់ការធ្វើបច្ចុប្បន្នភាព និងការកែលម្អមគ្គុទេសក៍នាពេលអនាគត។

សូមជម្រាបថា ការរៀបចំមគ្គុទេសក៍ព្យាបាលគ្លីនិក (CPGs) មិនទាន់បញ្ចប់ត្រឹមនេះទេ ក្រសួងសុខាភិបាលនឹងបន្តរៀបចំជាទម្រង់ Application (App) ដោយសហការជាមួយនាយកដ្ឋានសុខាភិបាលឌីជីថល នៃក្រសួងសុខាភិបាល ដើម្បីផ្តល់ភាពងាយស្រួលដល់គ្រូពេទ្យ និងអ្នកផ្តល់សេវាសុខាភិបាល ក្នុងការអាន ស្វែងរក ប្រើប្រាស់ និងបណ្តុះបណ្តាលបន្តអំពីមគ្គុទេសក៍ព្យាបាលគ្លីនិក។

សិក្ខាសាលានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការប្រើប្រាស់មគ្គុទេសក៍ព្យាបាលគ្លីនិកនៅទូទាំងប្រព័ន្ធសុខាភិបាល ដើម្បីពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌នៃសេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋកម្ពុជា។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល សាស្ត្រាចារ្យ និងអ្នកជំនាញក្នុងក្រុមការងាររៀបចំមគ្គុទេសក៍ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងប្រធានមន្ទីរពេទ្យបង្អែកថ្នាក់ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធ សរុបចំនួន ២២០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16

Gallery Gallery
1 / 1
Gallery image