August 28, 2026
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មការប្រឹក្សាយោបល់លើគម្រោងសិក្សាស្រាវជ្រាវ AMS-HICAP បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំងប្រាំមួយដែលចូលរួមក្នុងការអនុវត្តគម្រោងនេះ។
ឯកឧត្តមសាស្ត្រាចារ្យរង បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារបង្គោលនៃគម្រោង AMS-HICAP នៅក្នុងមន្ទីរពេទ្យ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប និងពិភាក្សាលើវឌ្ឍនភាពការងាររួមគ្នាយ៉ាងយកចិត្តទុកដាក់ រួមទាំងការចុះទស្សនកិច្ចនៅក្នុងមន្ទីរពេទ្យ ឯកឧត្តមសាស្ត្រាចារ្យរង បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ផ្តល់ការគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមការងារ ដែលបានចូលរួមការងារនេះ និងខិតខំរួមគ្នា ហើយសម្រាប់ការងារដែលសម្រេចបាន និងសូមឱ្យប្រឹងប្រែងបន្តទៅមុខទៀត។ ឯកឧត្តមសាស្ត្រាចារ្យរង ក៏បានបន្ថែមឱ្យប្រធានមន្ទីរពេទ្យពិនិត្យមើលលើការងារនេះបន្ថែមទៀត នូវចំណុចដែលខ្វះខាត ហើយយកមកអនុវត្តបន្ថែម។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរង ក៏បានណែនាំអំពីការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្រប ទៅដល់គ្រូពេទ្យព្យាបាលផងដែរ ហើយសង្ឃឹមថាគម្រោងនេះនឹងទទួលជោគជ័យ ដើម្បីចូលរួមការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅកម្ពុជា និងសូមឱ្យភាគីដែលពាក់ពន្ធទាំងអស់ ចូលរួមបន្តការតម្រង់ទិសបណ្តុះបណ្តាលដល់ក្រុមកាងារបន្ថែមទៅលើការដែលនៅខ្វះខាត។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពេទ្យកាល់ម៉ែត ផងដែរ។