August 29, 2026
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះវិស័យសុខាភិបាល បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំការកោតសរសើរនូវវឌ្ឍនភាព និងសមិទ្ធផលសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នា ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព។ បន្ថែមពីវឌ្ឍនភាព ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញ និងណែនាំបន្ថែមដល់ថ្នាក់ដឹកនាំទទួលបន្ទុក នូវគោលការណ៍ទៅអនុវត្តបន្ត ដោយត្រូវ៖ បន្តពង្រឹងគុណភាព ប្រសិទ្ធភាព បង្កើនទំនុកចិត្ត និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ, ពង្រឹងប្រព័ន្ធបញ្ជូន, ពង្រឹងការផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខារ និងបន្តពង្រឹងការបណ្តុះបណ្តាលដោយត្រូវផ្តោតលើគុណភាព សមត្ថភាព បម្រើសេវាសុខាភិបាលឱ្យកាន់តែប្រសើរ ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។
រាជធានីភ្នំពេញ៖ ទីស្តីការក្រសួងសុខាភិបាល រសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦