August 29, 2026
ខេត្តព្រះវិហារ៖ ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល គិលានុបដ្ឋាក និងឆ្មបនៅមណ្ឌលសុខភាព ស្តីពីសេវាសង្គ្រោះបឋម និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺប្រកបដោយសុវត្ថិភាព។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ការពង្រឹងសមត្ថភាពបុគ្គលិក មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងការផ្តល់សេវាសង្គ្រោះបឋម និងអនុវត្តនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យមានប្រសិទ្ធភាព សុវត្ថិភាព និងទាន់ពេលវេលាប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់នូវចំនុចមួយចំនួនដូចខាងក្រោម៖
១)បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះត្រូវពិនិត្យឡើងវិញនូវចំណុចល្អ និងចំណុចខ្វះខាតកន្លងមក ដើម្បីរៀបចំផែនការអភិវឌ្ឍខ្លួន
២)រៀបចំកែសម្រួលវិន័យការងារ និងអនាម័យក្នុងមណ្ឌលឱ្យបានល្អប្រសើរ ស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវសមរម្យ ព្រមទាំងប្រកាន់ខ្ជាប់នូវឥរិយាបថ និងពាក្យសម្តីប្រកបដោយការគោរពចំពោះអ្នកជំងឺ
៣)ផ្តល់សេវាដោយក្តីមេត្តាករុណា និងប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ពិសេសក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ត្រូវសហការធ្វើការងារជាក្រុម អនុវត្តឱ្យបានរហ័ស និងមានសុវត្ថិភាព
៤)ក្រុមការងាររថយន្តគិលានសង្គ្រោះ ត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវ ដោយពាក់ឯកសណ្ឋានសមរម្យ ត្រៀមសម្ភារវេជ្ជសាស្ត្រឱ្យបានគ្រប់គ្រាន់ នៅមើលថែអ្នកជំងឺជាប្រចាំក្នុងពេលបញ្ជូន និងជូនដំណឹងទៅមន្ទីរពេទ្យទទួលឱ្យបានមុន ដើម្បីឱ្យក្រុមការងាររៀបចំសម្ភារ ឱសថ និងក្រុមជំនាញត្រៀមលក្ខណៈរង់ចាំទទួល
៥)ត្រូវខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ តាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ ឬតាមប្រព័ន្ធនិម្មិត ព្រោះវិជ្ជាជីវៈសុខាភិបាលចាំបាច់ត្រូវមានការរៀនសូត្របន្តបន្ទាប់ ដើម្បីពង្រឹងចំណេះដឹង និងជំនាញឱ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន២ថ្ងៃ និងការអនុវត្តលើម៉ានីកាំងរយៈពេល១ថ្ងៃ ដោយមានការអញ្ជើញចូលរួមពី នាយកដ្ឋានសេវាសុខភាព មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ មន្ទីរពេទ្យខេត្តព្រះវិហារ ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួលពី ការិយាល័យគិលានុបដ្ឋាក និងឆ្មប សិក្ខាកាមចូលរួមសរុបចំនួន ៨២រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាពខេត្តព្រះវិហារ។