August 30, 2026
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ដិត ឡូ វាសនាគីរី ក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកអង្គសិក្ខាសាលាពិគ្រោះ យោបល់បញ្ចប់លើការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់សុខភាពសាធារណៈ ឆ្នាំ២០២៦-២០៣០។
សិក្ខាសាលា មានគោលបំណង ដើម្បីប្រមូលធាតុចូល និងកែលម្អផែនការសកម្មភាពជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់សុខភាពសាធារណៈឆ្នាំ២០២៦-២០៣០ ឱ្យកាន់តែមានភាពល្អប្រសើរ។
ក្នុងឱកាសនៃពីធីបើកអង្គសិក្ខាសាលា ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងពីមូលហេតុ នៃការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ការកើនឡើងកម្ពស់ទឹកសមុទ្រ ដែលបង្កការខូចខាត ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងគ្រោះថ្នាក់ដល់សុខភាព។
ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់ជាទស្សនៈទានដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១-សម្រួចផែនការសកម្មភាពនេះឱ្យមានលក្ខណៈជាក់ស្តែង (Realistic ) និងប្រកបដោយបរិយាប័ន្នដោយមានសង្គតិភាពជាមួយផែនការយុទ្ធសាស្ត្រសុខាភិបាល ផែនការសកម្មភាពសន្តិសុខសុខភាព និងយុទ្ធសាស្រ្តសុខភាពតែមួយ(One Health)។
២-បង្កើនសមត្ថភាពស្ថាប័ន និងគាំទ្រដល់សហគមន៍ ក្នុងការវាយតម្លៃហានិភ័យ ដើម្បីកំណត់អត្តសញ្ញាណគ្រោះថ្នាក់ និងភាពងាយរងគ្រោះ ហើយរៀបចំផែនការត្រៀមឆ្លើយតបនឹងគ្រោះអាសន្នសុខភាព និងអនុវត្តផែនការស្តារឡើងវិញក្រោយព្រឹត្តការណ៍មហន្តរាយ ដោយមានការចូលរួមពីស្ថាប័ន អង្គភាព អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ
៣-ធ្វើបច្ចុប្បន្នកម្មទីតាំងភូមិសាស្ត្ររបស់មូលដ្ឋានសុខាភិបាល និងសហគមន៍ក្នុងតំបន់គ្របដណ្តប់ ដែលងាយទទួលរងគ្រោះថ្នាក់ ហើយបញ្ចូលព័ត៌មានទាំងនោះទៅក្នុងផែនការគ្របដណ្តប់សុខាភិបាល
៤-កសាង និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ឱ្យមានភាពធន់នឹងអាកាសធាតុប្រែប្រួល ដើម្បីកាត់បន្ថយជាអប្បបរិមាទុកជាមុន នូវផលប៉ះពាល់ពីគ្រោះមហន្តរាយ ឬគ្រោះអាសន្នសុខភាព
៥-ពង្រឹងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការរៀបចំផែនការត្រៀម និងការឆ្លើយតបពហុវិស័យដែលមានក្ខណៈសម្របសម្រួល ចំពោះការគម្រាមកំហែង សុខភាពសាធារធាណៈ និងគ្រោះអាសន្នសុខភាព។
សិក្ខាសាលានេះ មានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេសមកពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកិច្ចការនារី នាយកដ្ឋាន វិទ្យាស្ថានជាតិ មជ្ឈមណ្ឌលជាតិ ដែលស្ថិតក្រោមឱវាទក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ ចំនួន៨ និងដៃគូអភិវឌ្ឍន៍ដូចជាអង្គការសុខភាពពិភពលោក(WHO), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), UNICEF មូលនិធិJFPR, JICA, IOM សរុបចំនួន ៥០រូប។