Cambodia
New Details

Image
សន្និសីទស្តីពី បច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារនៅកម្ពុជា លើកទី១០។

August 30, 2026

ខេត្តសៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពី បច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារនៅកម្ពុជា លើកទី១០ ក្រោមប្រធានបទ "វឌ្ឍនភាពក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំសុខភាពកុមារប្រកបដោយគុណភាព" នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

សន្និសីទលើកទី១០ នេះ មានគោលបំណងក្នុងពង្រឹង និងបង្កើនចំណេះដឹងវិជ្ជាជីវៈថ្មីៗបន្ថែមទៀត ស្តីពីវេជ្ជសាស្រ្តកុមារ តាមរយៈការចែករំលែកនូវបទពិសោធន៍ពីសំណាក់អ្នកឯកទេសរោគកុមារទាំងក្នុង និងក្រៅប្រទេស ជូនដល់គ្រូពេទ្យកុមារគ្រប់រូប ឲ្យប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងផ្តល់សេវាថែទាំព្យាបាលកុមារ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះកិច្ចការរបស់សមាគមគ្រូពេទ្យកុមារ ដែលសព្វថ្ងៃដឹកនាំដោយ ឯកឧត្តម ហេង សុទ្ធី ជាប្រធានក្រុមប្រឹក្សា ក្នុងអណត្តិទី៨ នេះ ដែលបាន និងកំពុងអនុវត្តជាប្រចាំកិច្ចការពង្រឹងសមត្ថភាពគ្រូពេទ្យកុមារទាំងអស់ ឲ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ និងស្របតាមគោលការណ៍ណែនាំ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។

មុននឹងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ជូនដល់អង្គសន្និសីទ មានដូចខាងក្រោម៖
១.សូមបន្តការរៀបចំសន្និសីទស្តីពីបច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារឲ្យបានទៀងទាត់ ការរៀបចំទិវារោគកុមារឲ្យបានទៀងទាត់រៀងរាល់ឆ្នាំ និងយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលបន្តនូវរោគវិជ្ជាកុមារ ដើម្បីពង្រឹងនូវសមត្ថភាពជាប្រចាំ ក្នុងការផ្តល់សេវាជូនប្រជាជនទទួលបានគុណភាព និងប្រសិទ្ធភាពខ្ពស់
២.ចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការ​អនុវត្តនូវគោលការណ៍ណែនាំ ក៏ដូចជាគោលនយោបាយ ពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីពង្រឹងនូវគុណភាព និងក្រមសីលធម៌ក្នុងការផ្តល់សេវាវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកើតឡើងផ្សេងៗ ក៏ដូចជាជំងឺរាតត្បាតនានា (ឧទាហរណ៍ ថ្មីៗនេះមានការរាតត្បាតដោយជំងឺគ្រុនឈាម។ល។)
៣.សូមឲ្យអនុវត្តនូវមគ្គុទេសក៍ព្យាបាលគ្លីនិកវេជ្ជសាស្ត្រកុមារ ដែលបានប្រកាសដាក់ឱ្យអនុវត្ត កាលពីខែមករា ឆ្នាំ២០២៦ កន្លងមក ក្រោមអធិបតីភាពឯកត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល
៤.បន្តផ្តល់សេវាជូនប្រជាជន ដោយចាត់ទុកអ្នកជំងឺទាំងឡាយ ដូចជាក្រុមគ្រួសាររបស់យើង ផ្តល់សេវាប្រកបដោយទឹកចិត្តមេត្តា ករុណា និងអនុវត្តប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងស្តាប់ដោយយកចិត្តទុកដាក់ជានិច្ច រាល់កង្វល់ទាំងឡាយរបស់មាតាបិតាពាក់ព័ន្ធនឹងជំងឺកុមារ។ ចំពោះការសាកសួរប្រវត្តិជំងឺ សូមមានអំណត់ រកគ្រប់មធ្យោបាយក្នុងការសាកសួរ ដើម្បីទទួលបាននូវព័ត៌មានច្បាស់លាស់ ពិតប្រាកដ និងរហូតទៅដល់ទីបញ្ចប់
៥.បង្កើតឲ្យទៅជាទម្លាប់ធ្វើការងារជាក្រុម ដោយសហការជាមួយផ្នែកសម្ភពនិងរោគស្រ្តី ផ្នែកទារក និងផ្នែកដទៃទៀតដែលពាក់ព័ន្ធ ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា សន្និសីទនេះមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងសុខាភិបាល វាគ្មិនជាតិ និងអន្តរជាតិ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលជាសមាជិក សមាជិកា សមាគមគ្រូពេទ្យកុមារកម្ពុជា សរុប ៣៤០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image