September 04, 2026
រាជធានីភ្នំពេញ មន្ទីរពេទ្យកាល់ម៉ែត ៖ ព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការប្រតិបត្តិ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) បានរៀបចំវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ (Hospital Accreditation Surveyor Course) ជំនាន់ទី៣។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមជាគណៈអធិបតី ពីឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិ និងឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការផ្តល់ការពិគ្រោះប្រឹក្សា នៃគ.ទ.គ.ស. ដែលបានអញ្ជើញចូលរួមបើកវគ្គ និងផ្តល់ការណែនាំជូនដល់សិក្ខាកាមអំពីបេសសកកម្ម តួនាទីភារកិច្ចនៃអ្នក Surveyors តាមរយៈវគ្គបណ្តុះបណ្តាលដែលនឹងផ្តល់ជូននេះ សម្រាប់រយៈពេលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដល់ខែកុម្ភៈ ឆ្នាំ២០២៧។
វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃគុណភាពសេវាថែទាំព្យាបាល (Surveyors) គឺជាចំណែកសំខាន់មួយនៃដំណើរការគន្លឹះរបស់ គ.ទ.គ.ស. ក្នុងការបង្កើតនូវធនធានជំនាញ សម្រាប់ធ្វើការវាយតម្លៃ ណែនាំ ជូនយោបល់ និងគាំទ្រទៅលើមូលដ្ឋានថែទាំព្យាបាលសាធារណៈ និងឯកជនទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅការពង្រឹងនូវការផ្តល់សេវាប្រកបដោយសុវត្ថិភាព គុណភាព និងកាន់តែបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ លើការបម្រើសេវា។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ ឯកឧត្តមវេជ្ជបណ្ឌិត អនុរដ្ឋលេខាធិការ អនុប្រធានគណៈកម្មការប្រតិបត្តិនៃគ.ទ.គ.ស. ឯកឧត្តមសាស្រ្តាចារ្យអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត លោក លោកស្រី សមាជិក និងអ្នកជំនាញ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.)។