September 04, 2026
ខេត្តកណ្ដាល៖ ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកកណ្ដាលស្ទឹង ជុំទី១ ឆ្នាំ២០២៦។
គោលបំណងបេសកកម្មផ្តោតសំខាន់លើការងារ៖ (១)ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រងរដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង(៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ។
ជាមួយគ្នានេះ ក្រុមការងារចុះពង្រឹងគុណភាពសេវាតាមមន្ទីរពេទ្យបង្អែក និងធ្វើការណែនាំលម្អិតពីការព្យាបាល និងថែទាំជំងឺគ្រុនឈាម និងជម្រុញឱ្យបង្កើនការយកចិត្តទុកដាក់ តាមរយៈគ្រប់ចំណុចសំខាន់ៗរួមមាន៖
-ការទទួលអ្នកជំងឺ ចាប់ពីពេលទទួលអ្នកជម្ងឺឱ្យចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
-អំឡុងពេលព្យាបាលអ្នកជំងឺ និង
-ពេលវេលាដែលអ្នកជំងឺចាកចេញពីមន្ទីរពេទ្យ ដោយផ្ដោតសំខាន់លើចំណុច ដែលអាចពាក់ព័ន្ធនឹងសភាពធ្ងន់ឬស្រាលរបស់អ្នកជំងឺ និងអ្វីដែលត្រូវពង្រឹងក្នុងការព្យាបាល ការថែទាំ និងការតាមដាន ដើម្បីធានាបានថាអ្នកជំងឺបានទទួលការព្យាបាលបានល្អត្រឹមត្រូវ។
ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា បេសកកម្មនេះមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកកណ្ដាលស្ទឹង។