September 06, 2026
កំពង់ចាម៖ ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំ សិក្ខាសាលាបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ក្រោមគម្រោង H-EQIP2 នៅខេត្តកំពង់ចាម។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងកំណត់ទិសដៅសកម្មភាពសំខាន់ៗ សម្រាប់ការអនុវត្តកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងនោះសិក្ខាសាលាបានផ្តោតលើការពិនិត្យវឌ្ឍនភាព និងពង្រឹងការស្រាវជ្រាវស្វែងរក និងការគ្រប់គ្រងជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។ សិក្ខាកាមបានរួមគ្នាពិភាក្សា និងកំណត់សកម្មភាពអាទិភាព និងផែនការអនុវត្ត ដើម្បីពង្រឹងការស្រាវជ្រាវស្វែងរក ការគ្រប់គ្រងទិន្នន័យ ការប្រើប្រាស់ឱសថ និងគុណភាពសេវាថែទាំជំងឺមិនឆ្លងនៅមូលដ្ឋានសុខាភិបាល។
ក្នុងឱកាសនេះ ឯកឧត្តម បានគូសបញ្ជាក់ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូ ឱ្យបន្តចូលរួម និងខិតខំប្រឹងប្រែងជំរុញការអនុវត្តកម្មវិធី ជាពិសេសការបង្កើនការស្រាវជ្រាវស្វែងរកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម (Screening) ការរៀបចំផែនការសកម្មភាព (Action Plan for Screening Uptake) និងការពង្រឹងការគ្រប់គ្រង និងតាមដានលទ្ធផល ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីក្នុង ឆមាសទី២ ឆ្នាំ២០២៦។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការយ៉ាងជិតស្និទ្ធ និងចូលរួមដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីធានាឱ្យការផ្តល់សេវាសុខាភិបាលសម្រាប់អ្នកជំងឺជំងឺមិនឆ្លង មានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសុខាភិបាល ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ៥៤រូប។