September 07, 2026
ខេត្តតាកែវ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល សហការជាមួយការិយាល័យស្រុកប្រតិបត្តិកោះអណ្ដែត បានចុះពិនិត្យវាយតម្លៃវឌ្ឍនភាពការងារ និងជំរុញការពង្រឹងគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពក្នុងស្រុកប្រតិបត្តិកោះអណ្តែត ក្នុងបំណងវាយតម្លៃ ស្វែងរកចំណុចខ្វះខាត និងកែលម្អគុណភាពសេវាឱ្យកាន់តែប្រសើរឡើង ដោយផ្តោតសំខាន់ទៅលើ៖
-ហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យ ការកែលម្អសោភ័ណភាព បរិស្ថាន ការគ្រប់គ្រងសំណល់ និងការរៀបចំទុកដាក់សម្ភារៈ
-ការគ្រប់គ្រងឱសថ និងបរិក្ខារ ធានាឱ្យមានឱសថ វ៉ាក់សាំង និងសម្ភារៈគ្រប់គ្រាន់ សម្រាប់បម្រើសេវាជូនអ្នកជំងឺ
-ការពង្រឹងគុណភាព និងសុវត្ថិភាពសេវាជំងឺទូទៅ ជំងឺមិនឆ្លង (លើសសំពាធឈាម ទឹកនោមផ្អែម) សុខភាពមាតា និងទារក និងការចាក់ថ្នាំបង្ការ ដោយធានាការប្រចាំការ ២៤ម៉ោង/២៤ម៉ោង និង៧ថ្ងៃ/សប្តាហ៍
-ក្រមសីលធម៌ និងការប្រាស្រ័យទាក់ទង ការស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ ការធ្វើបដិសណ្ឋារកិច្ច និងការបម្រើសេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
-ការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការគ្រប់គ្រងទិន្នន័យ ប្រព័ន្ធបញ្ជូន និងការស្កេនវាស់ស្ទង់ការពេញចិត្តរបស់អតិថិជន។
សរុបជារួម មណ្ឌលសុខភាពភាគច្រើនក្នុងស្រុកប្រតិបត្តិកោះអណ្តែត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការសាទរពីប្រជាពលរដ្ឋ តាមរយៈការមកទទួលសេវានៅមណ្ឌលសុខភាពកាន់តែច្រើន។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាលតាមមណ្ឌលសុខភាពទាំងអស់ ឱ្យបន្តខិតខំកែលម្អចំណុចខ្វះខាតបន្ថែមទៀត ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវាសុខាភិបាល ដែលមានគុណភាព សុវត្ថិភាព សមធម៌ និងជាទីដែលអាចទុកចិត្តបាន ។
ជាចុងក្រោយ ឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកសុខាភិបាលតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ។
មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលបានចុះពិនិត្យរួមមាន៖
១.មណ្ឌលសុខភាព ជីខ្មា
២.មណ្ឌលសុខភាព ធ្លាប្រជុំ
៣.មណ្ឌលសុខភាព អង្គប្រាសាទ
៤.មណ្ឌលសុខភាព ព្រៃមេលង
៥.មណ្ឌលសុខភាព ក្រពុំឈូក
៦.មណ្ឌលសុខភាព ព្រៃយុថ្កា
៧.មណ្ឌលសុខភាព ត្រឡាច
៨.មណ្ឌលសុខភាព បូរីជលសារ
៩.មណ្ឌលសុខភាព គោគពោធិ៍
១០.មណ្ឌលសុខភាព កំពង់ក្រសាំង
១១.មណ្ឌលសុខភាព ដូងខ្ពស់
១២.មណ្ឌលសុខភាព រមេញ
១៣.ប៉ុស្តិ៍សុខភាពជ័យជោគ
១៤.ប៉ុស្តិ៍សុខភាពអង្គក្រូច។