September 07, 2026
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ អភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) បានដឹកនាំកិច្ចប្រជុំក្រុមការងារ ត្រឹមតែថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងសុខាភិបាល ជំហានបឋមបន្ទាប់ពីទទួលបានសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសសភាពក្រុមការងារ ដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៅទីស្តីការក្រសួងសុខាភិបាល ដោយមានការចូលរួមពីសមាជិក ជិកាក្រុមការងារកម្រិតក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោក សរុបចំនួន ២៤នាក់។
កិច្ចប្រជុំនេះ មានគោលបំណង៖
១.ប្រកាសសេចក្តីសម្រេចលេខ០១៩៨/២៦ ស.អបស.សសរ ចុះថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦ ស្ដីពី ការកែសម្រួលសមាសភាពក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) និងក្រុមលេខាធិការដ្ឋាននៃ ក.ជ.ថ.ស.ប ដែលបានធ្វេីបច្ចុប្បន្នភាពសមាសភាពនៃក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ ការជំរុញបង្កើនការងារថែទាំសុខភាពបឋម និងពង្រឹងគណនេយ្យភាព តួនាទី និងភារកិច្ចរបស់ក្រុមការងារ។
២.បទបង្ហាញអំពីវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃការអនុវត្ត PHC-BIF។
៣.បទបង្ហាញការអនុវត្តគំរូរៀបរៀងរួមសម្រាប់ថ្នាក់ក្រោមជាតិ។
៤.ពិភាក្សាអំពីការចូលរួមទទួលតួនាទី និងភារកិច្ចនៃក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ដោយរំលេចនូវចំណុចសំខាន់ៗ សម្រាប់ក្រុមការងារលេខាធិការដ្ឋាន យកទៅពីភាក្សាបន្តជាមួយនាយកដ្ឋានជំនាញ។
៥.ពិភាក្សាលេីការជួយបច្ចេកទេស និងការទទួលជួយពី៖
- នាយកដ្ឋានឌីជីថលសុខាភិបាល លេីកិច្ចការឌីជីថលនៅតាមមណ្ឌលសុខភាព ដេីម្បីសម្រួលបន្ទុកការប្រេីពហុប្រព័ន្ធប្រតិបត្តិការច្រេីនមុខ
- នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ជួយពិនិត្យលេីសូចនាករសំខាន់ៗ សម្រាប់ការធ្វើផែនការឆ្នាំ២០២៧ ដេីម្បីសម្រួលការងារថ្នាក់ក្រោមជាតិនេះ
- នាយកដ្ឋានសេវាសុខភាព ពិនិត្យលេីលទ្ធភាពនៃការអនុវត្ត យុទ្ធនាការ "ដឹងតួលេខសុខភាពអ្នក" ពិសេសលេីការធ្វេីតេស្តរកជាតិខ្លាញ់អាក្រក់ក្នុងឈាម ដោយរៀនសូត្របទពិសោធន៍ពីមណ្ឌលសុខភាពគោកចកជាប់ចំណាត់ថ្នាក់លេខ១ លេីការផ្តល់សេវាសាធារណ:ល្អកម្រិតជាតិ
- ជំរុញនាយកដ្ឋានឱសថ ឱ្យខិតខំចូលរួមពង្រឹងការងារគ្រប់គ្រងឱសថនៅថ្នាក់មណ្ឌលសុខភាព
- ការពិភាក្សាបែបនវានុវត្តជំរុញការអនុវត្តពង្រីកសេវាសុខភាពបឋមនៅតាមមណ្ឌលសុខភាព ដូចជាសុខភាពភ្នែក និងមាត់ធ្មេញបឋម ជាដេីម
- ស្នេីអង្គការសុខភាពពិភពលោក ជួយពង្រឹងសមត្ថភាពក្រុមការងារ PHC-BIF នៅថ្នាក់ឃុំ និងសង្កាត់ លេីសមត្ថភាពធ្វេីផែនការការងារសុខភាពសហគមន៍នៅតាមឃុំ-សង្កាត់ ដែលត្រូវដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍឃុំ-សង្កាត់ និងការប្រេីប្រាស់ផែនការប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព។
- ការជំរុញការបញ្ចប់ការងារអភិវឌ្ឍផែនការគំរូនៅខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ ព្រមទាំងជំរុញការអនុវត្តផែនការគំរូដែលបានរៀបរៀងរួមគ្នានៅខេត្តកំពង់ចាម ស្វាយរៀង និងបាត់ដំបង ឱ្យមានវឌ្ឍនភាពតាមកាលកំណត់។