September 08, 2026
រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ សម្រាប់ខែកញ្ញា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសសេវាសុខភាពបឋម បង្កើនការផលិតសារអប់រំ និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលឹកនូវចំណុច ដើម្បីសម្រេចនូវចក្ខុវិស័យសម្រាប់អនាគតសុខភាពប្រជាជនកម្ពុជា ត្រូវគិតផ្តោតសំខាន់លើស្ថានភាពថ្មីដែលស្មុគស្មាញ សម្រាប់សុខាភិបាលកម្ពុជា នូវចំណុចសំខាន់ៗរួមមាន បម្រែបម្រួលអេពីដេមីសាស្រ្ត បម្រែបម្រួលប្រជាសាស្រ្ត បម្រែបម្រួលសង្គម បម្រែបម្រួលផ្នែកហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ចំពោះកត្តាបញ្ហាប្រឈម ដែលកើតឡើងចំពោះមុខ ១) ប្រឈមជាទូទៅ៖ សុខភាពបរិស្ថាន ការប្រែប្រួលអាកាសធាតុ ហានីភ័យការរីករាលដាលជំងឺឆ្លង ២) បញ្ហាប្រឈមជាក់លាក់ ៖ ពង្រឹងគុណភាព ធនធានមនុស្ស ការពិនិត្យព្យាបាលនិងរដ្ឋបាលផ្នែកវេជ្ជសាស្រ្ត និងការប្រើប្រាស់ឱសថឱ្យបាសមស្រប ៣) បញ្ហាប្រឈមបច្ចេកទេស ផ្តោតលើគុណភាព និងប្រសិទ្ធភាព ៤) បញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលជាកត្តាត្រូវគិតគូរដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ បន្តការយកចិត្តទុកដាក់ខ្ពស់ពីជំងឺមិនឆ្លង និងជំងឺឆ្លង ជាពិសេសជំងឹគ្រុនឈាម និងជំងឺកំពុងមានការឆ្លងនៅបណ្តាប្រទេសមួយចំនួន។