September 09, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់អ្នកជំងឺមិនឆ្លង” និងក្រោមពាក្យស្លោក “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត” ដោយមានការទទួលស្វាគមន៍ពីលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។
កម្មវិធីនេះមានគោលបំណងផ្តល់ចំណេះដឹង និងបង្កើនការយល់ដឹងដល់បុគ្គលិកសុខាភិបាល អ្នកជំងឺ និងបងប្អូនអ្នកជំងឺ អំពីការផ្តល់សេវាថែទាំប្រកបដោយសុវត្ថិភាព ជាពិសេសការគ្រប់គ្រងជំងឺទឹកនោមផ្អែម ការប្រើប្រាស់ឱសថប្រកបដោយសុវត្ថិភាព និងការចូលរួមរបស់អ្នកជំងឺក្នុងការថែទាំសុខភាពរបស់ខ្លួន។
នាឱកាសនេះ ដើម្បីជំរុញប្រធានបទនៃទិវានេះឱ្យទៅជាសកម្មភាពជាក់ស្តែងក្នុងបរិបទមន្ទីរពេទ្យ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការបានផ្តល់ជូននូវអនុសាសន៍គន្លះមួយចំនួនដូចខាងក្រោម៖
១.បញ្ជ្រាបគោលការណ៍សុវត្ថិភាពអ្នកជំងឺទៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់មន្ទីរពេទ្យ ជាពិសេស និយាម គោលនយោបាយ ពិធីសារព្យាបាលថែទាំដែលពាក់ព័ន្ធនឹងជំងឺ ត្រូវបញ្ជ្រាបស្តង់ដាសុវត្ថិភាពអ្នកជំងឺទៅក្នុងផែនការសកម្មភាពគ្លីនិកប្រចាំថ្ងៃ ការពង្រឹងសេវាថែទាំសុខភាព និងការតភ្ជាប់បណ្តាញថែទាំរវាងមន្ទីរពេទ្យ សហគមន៍ និងការអប់រំសុខភាពដល់អ្នកជំងឺដើម្បីឱ្យគាត់អាចថែទាំសុខភាព ខ្លួនឯង។
២.ពង្រឹងប្រព័ន្ធសុវត្ថិភាពក្នុងការប្រើប្រាស់ឱសថ ត្រូវធានាថាការគ្រប់គ្រងជាតិស្ករ និងការប្រគល់ឱសថជូនអ្នកជំងឺរ៉ាំរ៉ៃ ត្រូវបានធ្វើឡើងតាមស្តង់ដាសុវត្ថិភាពទាំង៧ យ៉ាងម៉ឺងម៉ាត់ ដើម្បីជៀសវាងកំហុសឆ្គងក្នុងការប្រើប្រាស់ថ្នាំដែលស្របនឹងគោលការណ៍ “Medication Without Harm”។
៣.លើកកម្ពស់ការប្រាស្រ័យទាក់ទង និងការងារជាក្រុម ការថែទាំប្រកបដោយសុវត្ថិភាព ទាមទារឱ្យមានការធ្វើការងារជាក្រុម និងការផ្លាស់ប្តូរព័ត៌មានអ្នកជំងឺប្រកបដោយច្បាស់លាស់ និងមានរចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយគម្លាតនៃការថែទាំ។
៤.តម្លក់អ្នកជំងឺ និងគ្រួសារអ្នកជំងឺជាដៃគូនៃការថែទាំ ដោយត្រូវបើកបេះដូងស្តាប់កង្វល់របស់អ្នកជំងឺ។ ការផ្តល់ការអប់រំសុខភាព និងការរាប់បញ្ចូលអ្នកជំងឺក្នុងការសម្រេចចិត្តលើផែនការព្យាបាល គឺជាខែលការពារសុវត្ថិភាពដ៏រឹងមាំបំផុត។ អ្នកជំងឺដែលយល់ដឹងច្បាស់ គឺជាអ្នកការពារសុវត្ថិភាពខ្លួនឯងបានល្អបំផុត។
៥.បង្កើត “វប្បធម៌រៀនសូត្រ” ជាជាង “ការទម្លាក់កំហុស” ត្រូវលើកទឹកចិត្តឱ្យមានការរាយការណ៍អំពីហានិភ័យ និងកំហុសឆ្គងដែលស្ទើរតែកើតឡើងដើម្បីរៀនសូត្រ និងកែលម្អប្រព័ន្ធការងាររួមគ្នាប្រកបដោយភាពចាស់ទុំ និងតម្លាភាព។
៦.អនុវត្តឧបករណ៍ទំនាក់ទំនង SBAR ដើម្បីកាត់បន្ថយគម្លាតនៃការប្រាស្រ័យទាក់ទង ការផ្លាស់ប្តូរវេនថែទាំនិងការរាយការណ៍ស្ថានភាពអ្នកជំងឺរវាងគ្រូពេទ្យ គិលានុបដ្ឋាក និងក្រុមការងារ ត្រូវតែអនុវត្តតាមទម្រង់ SBAR (Situation - Background - Assessment - Recommendation) ឱ្យបានជាប្រចាំ។ ការប្រាសស្រ័យទាក់ទងដែលមានរចនាសម្ព័ន្ធ និងច្បាស់លាស់នេះ នឹងកាត់បន្ថយកំហុសឆ្គង និងបង្កើនសុវត្ថិភាពអ្នកជំងឺក្នុងអំឡុងពេលនៃការផ្ទេរ ឬបន្តការព្យាបាល។
លោកជំទាវសាស្ត្រាចារ្យ ក៏បានសង្កត់ធ្ងន់ថា សេវាថែទាំសុខភាពដែលមានគុណភាព មិនមែនត្រឹមតែជាការផ្តល់ការព្យាបាលនោះទេ ប៉ុន្តែជាការធានាថា រាល់ការព្យាបាលដែលផ្តល់ជូនគឺមានសុវត្ថិភាព មានប្រសិទ្ធភាព មានភាពស៊ីសង្វាក់គ្នា និងអាចកាត់បន្ថយហានិភ័យ ឬគ្រោះថ្នាក់ដែលបុគ្គលិកសុខាភិបាលអាចបង្ការបានឱ្យមកនៅត្រឹមសូន្យ។
សូមបញ្ជាក់ថាកម្មវិធីនេះមានការចូលរួមពីលោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានសេវាសុខភាពនៃក្រសួងសុខាភិបាល លោកស្រី ប្រាក់ ម៉ានីឡា Presidential Fellow នៃគណៈកម្មាធិការចម្រុះអន្តរជាតិJoint Commission International (JCI) នាយករង-នាយិការងមន្ទីរពេទ្យព្រះអង្គឌួង មន្រ្តីរាជការ-បុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង អ្នកជំងឺ និងបងប្អូនអ្នកជំងឺ មានចំនួនសរុប ១៦៩រូប។