September 10, 2026
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសសមាជិកអាស៊ានទាំង១១ អគ្គលេខាធិការរងអាស៊ាន ព្រមទាំងតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEARO) និងតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO)។
កិច្ចប្រជុំពេញអង្គ ប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តម Datuk Seri Dr. Haji Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី និងជាប្រធានអាស៊ានវិស័យសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងបទអន្តរាគមន៍លើប្រធានបទ «ការបង្កើនភាពស៊ីសង្វាក់គ្នានៃប្រព័ន្ធសុខាភិបាល ដើម្បីភាពធន់ សុខុមាលភាព និងសន្តិសុខសុខភាព» (Synergising Health Systems for Resilience, Well-Being and Health Security) ដោយបានគូសរំលេចពីបទពិសោធន៍នៃការប្រយុទ្ធនឹងជំងឺរាតត្បាតនាពេលកន្លងមក ដែលនាំមកការយល់ដឹងថា «កម្លាំង និងភាពរឹងមាំនៃប្រព័ន្ធសុខាភិបាលមិនត្រឹមតែអាស្រ័យលើសមត្ថភាពនៃសមាសភាគនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើកម្រិតនៃកិច្ចសហការ និងការធ្វើការងាររួមគ្នា»។ ដើម្បីផ្លាស់ប្តូរពីសកម្មភាពដាច់ដោយឡែក ឱ្យទៅជាសកម្មភាពរួមនិងប្រទាក់ក្រឡា ដើរឆ្ពោះទៅរកភាពធន់ប្រកបដោយចីរភាពក្នុងរយៈពេលវែង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចូលរួមចំណែកផ្តល់ជូននូវទិសដៅអាទិភាពគន្លឹះចំនួន ៣៖
១. បញ្ហាប្រឈមសុខភាព ជាបញ្ហារួមរបស់តំបន់ ដូច្នេះការពង្រឹងសន្តិសុខសុខភាព ការគ្របដណ្តប់សុខភាពសកល និងការត្រៀមលក្ខណៈឆ្លើយតប មិនអាចសម្រេចបានដោយវិស័យសុខាភិបាលតែមួយមុខនោះទេ ប៉ុន្តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធអន្តរវិស័យ អន្តរស្ថាប័ន និងឆ្លងដែន។
២. ពង្រឹងភាពជាអ្នកដឹកនាំ និងកិច្ចសហការរួមគ្នា ផ្តល់គោលដៅយុទ្ធសាស្ត្រច្បាស់លាស់ ប្រកបដោយភាពបត់បែន ភាពច្នៃប្រឌិត ពង្រឹងសមត្ថភាពក្នុងការប៉ាន់ប្រមាណ ដើម្បីត្រៀមទប់ទល់នឹងហានិភ័យនាពេលអនាគត។
៣. ការកសាងចីរភាពរចនាសម្ព័ន្ធសហប្រតិបត្តិការ ទាមទារអភិបាលកិច្ច ស្ថិរភាព ហិរញ្ញប្បទានប្រកបដោយចីរភាព បច្ចេកវិទ្យាប្រទាក់ក្រឡា ការចែករំលែកចំណេះដឹង ជាពិសេសគឺការបង្កើត «ទំនុកចិត្ត» ទៅវិញទៅមក។
អង្គប្រជុំពេញអង្គបានអនុម័តលើឯកសារសំខាន់ៗ រួមមាន៖ របាយការណ៍នៃកិច្ចប្រជុំត្រៀមឧត្តមមន្ត្រីសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន (PrepSOM) របាយការណ៍នៃកិច្ចប្រជុំត្រៀមឧត្តមមន្ត្រីសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានជាមួយដៃគូរួមមាន៖ អាស៊ាន-បូកបី អាស៊ាន-ចិន អាស៊ាន-កូរ៉េ អាស៊ាន-អាមេរិក និងអាស៊ាន-ជប៉ុន) វិធានប្រតិបត្តិ (Rules of Procedure - ROP) របៀបវារៈយុទ្ធសាស្ត្រសុខាភិបាលអាស៊ាន ឆ្នាំ២០២៦-២០៣០ (ASEAN Strategic Health Agenda 2026-2030 - ASHA) យន្តការគ្រប់គ្រង និងការអនុវត្ត (Governance and Implementation Mechanism - GIM) តួនាទី និងភារកិច្ចក្រុមការងារសុខាភិបាលអាស៊ាន (Terms of Reference of ASEAN Health Clusters - TOR AHCs) ព្រមទាំងបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧។