September 10, 2026
រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងផែនការ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារារដ្ឋលេខាធិការ អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុង «ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ (CDB Online) និងរបាយការណ៍ស្តីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥»។
ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ព្រមទាំងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាច្រើនរូប។
ការរៀបចំកម្មវិធីនេះ គឺដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ដែលត្រូវបានធ្វើទំនើបកម្មទៅជាប្រព័ន្ធអនឡាញ (CDB Online) ថ្មី រួមជាមួយនឹងការប្រគល់សៀវភៅរបាយការណ៍ទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ ជូនដល់អភិបាលរាជធានី ខេត្ត។ ប្រព័ន្ធទិន្នន័យដែលត្រូវបានធ្វើទំនើបកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានទិន្នន័យជាក់លាក់ និងទូលំទូលាយ ដែលគាំទ្រដល់ការចុះបញ្ជី ការស្រាវជ្រាវ និងការធ្វើផែនការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន។
ការចូលរួមរបស់ក្រសួងសុខាភិបាលក្នុងវេទិកានេះ បង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលទិន្នន័យទាំងនេះជាត្រីវិស័យដ៏សំខាន់សម្រាប់ក្រសួងសុខាភិបាល ក្នុងការវិភាគ តម្រង់ទិស និងរៀបចំផែនការយុទ្ធសាស្ត្រផ្តល់សេវាថែទាំសុខភាពសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋានឃុំ សង្កាត់ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។