Cambodia
New Details

Image
ក្រសួងសុខាភិបាល និងUNAIDS ពង្រឹងកិច្ចសហការឆ្ពោះទៅការបញ្ចប់ជំងឺអេដស៍ និងនិរន្តរភាពសេវា HIV

September 11, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Patricia Ongpin នាយិកាប្រចាំប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី និងវៀតណាម នៃកម្មវិធីរួមអង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) និងសហការី ដើម្បីពិភាក្សាអំពីអាទិភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងទិសដៅកិច្ចសហការបន្ត។

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ជាពិសេសកម្ពុជាបានក្លាយជាប្រទេសដំបូងក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចបានគោលដៅ ៩៥-៩៥-៩៥ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រគួរជាទីមោទនៈ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍។

សមិទ្ធផលនេះ គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ភាពជាអ្នកដឹកនាំរបស់ក្រសួងសុខាភិបាល និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិល សហគមន៍ និងដៃគូអភិវឌ្ឍន៍។ ក្នុងរយៈពេលឆ្នាំ២០១០–២០២៥ កម្ពុជាបានកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មីប្រមាណ ៥៩% និងការស្លាប់ពាក់ព័ន្ធនឹងជំងឺអេដស៍ប្រមាណ ៤០%។

ដើម្បីធានានិរន្តរភាពនៃសេវា ជាពិសេសក្នុងបរិបទនៃការថយចុះនៃហិរញ្ញប្បទានពីខាងក្រៅ ក្រសួងសុខាភិបាលបានផ្តោតលើយុទ្ធសាស្ត្រ ការរួមបញ្ចូលសេវា HIV ទៅក្នុងប្រព័ន្ធសុខាភិបាល និងការគ្របដណ្តប់សុខភាពជាសកល (UHC) ដោយពង្រឹងការផ្តល់សេវាបង្ការ ការធ្វើតេស្ត ការធ្វើតេស្តដោយខ្លួនឯង ការបញ្ជូនមកទទួលសេវាថែទាំនិងព្យាបាល HIV នៅតាមមូលដ្ឋានសុខាភិបាល។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានលើកកម្ពស់ ការបង្ការការឆ្លងមេរោគអេដស៍ និងនវានុវត្តន៍ តាមរយៈការពង្រីកការផ្តល់ថ្នាំ PrEP សេវាឌីជីថល និងវិធីសាស្ត្រផ្តល់សេវាដែលផ្តោតលើប្រជាជនគន្លឹះ និងសហគមន៍។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការសិក្សាលទ្ធភាព និងភាពទទួលយកបាននៃជម្រើស PrEP មានប្រសិទ្ធភាពយូរអង្វែង ដោយគិតគូរពីភស្តុតាងវិទ្យាសាស្ត្រ ប្រសិទ្ធភាពចំណាយ និងលទ្ធភាពផ្នែកហិរញ្ញប្បទាន។

ក្រសួងសុខាភិបាល ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងប្រព័ន្ធសហគមន៍ និងការចូលរួមរបស់អង្គការសង្គមស៊ីវិល និងអ្នកផ្តល់សេវាមិនមែនរដ្ឋ ដើម្បីធានាថាប្រជាជនគន្លឹះនៅតែអាចទទួលបានសេវាបង្ការ ថែទាំនិងព្យាបាល HIV ដែលមានគុណភាព សមធម៌ គ្មានការរើសអើង និងមានភាពជាប់លាប់។ ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការបន្តដឹកនាំការឆ្លើយតបនឹងមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ដោយផ្តោតលើ ការការពារ ការថែទាំព្យាបាល ការរួមបញ្ចូលសេវា HIV ទៅក្នុង UHC និងការធានានិរន្តរភាពហិរញ្ញប្បទាន ដើម្បីឈានទៅសម្រេចគោលដៅរបស់កម្ពុជាក្នុងការ បញ្ចប់ជំងឺអេដស៍ជាបញ្ហាសុខភាពសាធារណៈនៅឆ្នាំ២០៣០។

លោកស្រី Patricia Ongpin បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ UNAIDS ក្នុងការបន្តគាំទ្រក្រសួងសុខាភិបាល តាមរយៈជំនួយបច្ចេកទេស និងគោលនយោបាយ ដើម្បីពង្រឹងនិរន្តរភាពហិរញ្ញប្បទាន ប្រសិទ្ធភាពការវិនិយោគ ប្រព័ន្ធសហគមន៍ និងការរៀបចំផែនការផ្លាស់ប្តូរ ស្របតាមអាទិភាពសុខាភិបាលរបស់កម្ពុជា។

ជំនួបនេះបានបញ្ជាក់ពី ភាពជាដៃគូដ៏រឹងមាំរវាងក្រសួងសុខាភិបាល និង UNAIDS និងការប្តេជ្ញាចិត្តរួមក្នុងការរក្សាសមិទ្ធផល ៩៥-៩៥-៩៥ បំពេញចន្លោះប្រហោងដែលនៅសល់ និងធានាឱ្យសេវា HIV មានភាពជាប់លាប់ ចីរភាព និងសមធម៌ ស្របតាមចក្ខុវិស័យ UHC និងការបញ្ចប់ជំងឺអេដស៍ជាបញ្ហាសុខភាពសាធារណៈនៅកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image