Cambodia
New Details

Image
សិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពី «ប្រតិបត្តិការ ការថែទាំ និងការគ្រប់គ្រងម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ (PSA)»។

September 12, 2026

រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពី «ប្រតិបត្តិការ ការថែទាំ និងការគ្រប់គ្រងម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ (PSA)» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល មន្ទីរពេទ្យជាតិ និងក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងសិក្ខាកាមសរុប ១១៤រូប។

គួរបញ្ជាក់ថាបច្ចុប្បន្ន កម្ពុជាមានម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ (PSA) ចំនួន ៦៦គ្រឿង នៅទូទាំងប្រទេស ដែលជាសមិទ្ធផលសំខាន់ក្នុងការពង្រឹងសមត្ថភាពផ្គត់ផ្គង់អុកស៊ីសែនវេជ្ជសាស្ត្រ ជូនដល់អ្នកជំងឺគ្រប់ប្រភេទ។ ដើម្បីធានាឱ្យការវិនិយោគនេះមានប្រសិទ្ធភាព និងនិរន្តរភាព ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល និងដោយមានការជួយឧបត្ថមពីអង្គការ CHAI បានរៀបចំគោលការណ៍ណែនាំថ្នាក់ជាតិ ដើម្បីជាមូលដ្ឋានសម្រាប់ការប្រតិបត្តិការ ការថែទាំ ការជួសជុល និងការគ្រប់គ្រងម៉ាស៊ីន PSA ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

សិក្ខាសាលានេះក៏បានផ្តោតលើការពង្រឹង ក្រុមវិស្វកម្មវេជ្ជសាស្ត្រ (Biomedical Engineering) និងក្រុមប្រតិបត្តិករនៅតាមមន្ទីរពេទ្យ ការរៀបចំថវិកាសម្រាប់ការថែទាំ និងគ្រឿងបន្លាស់ ការតាមដាន និងវាយតម្លៃតាមប្រព័ន្ធព័ត៌មានថ្នាក់ជាតិ ព្រមទាំងការអនុវត្តយុទ្ធសាស្ត្រ «Hub and Spoke» ដើម្បីធានាការផ្គត់ផ្គង់អុកស៊ីសែនបានជាប់លាប់ និងទូលំទូលាយ។

តាមរយៈការអនុវត្តគោលការណ៍ណែនាំនេះ ក្រសួងសុខាភិបាល មានគោលដៅធានា និរន្តរភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃប្រព័ន្ធអុកស៊ីសែនវេជ្ជសាស្ត្រ និងបន្តពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបបានកាន់តែល្អប្រសើរចំពោះតម្រូវការថែទាំ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image