September 12, 2026
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតប (MPDSR) បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យមើលវឌ្ឍនភាពការងារពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) និងវឌ្ឍនភាពការងារនៃការប្រើប្រាស់ ANC Color Code សម្រាប់កំនត់ផ្ទៃពោះដែលមានហានិភ័យ ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ថ្នាក់ជាតិ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១)ពិនិត្យ និងពិភាក្សាអំពីលទ្ធផលនៃការអនុវត្តMPDSR សម្រាប់ឆមាសទី១ នៃឆ្នាំ២០២៦។ (២)ពិនិត្យវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ MPDSR ។ (៣)ពិនិត្យវឌ្ឍនភាពបញ្ហាប្រឈម និងកត្តាពាក់ព័ន្ធនឹងការអនុវត្ត ANC Color Code នៅតាមមូលដ្ឋានសុខាភិបាល។ (៤)កំណត់ចំណុចដែលត្រូវបន្តកែលម្អ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការតាមដាន និងការឆ្លើយតបចំពោះមរណភាពមាតានិងទារកជុំវិញកំណើត។
តាមរបាយការណ៍ពិនិត្យមរណភាពមាតាប្រចាំឆមាសទី១ និងបញ្ហាប្រឈមដែលបានរកឃើញកន្លងមកតាមរយៈបទបង្ហាញរបស់អ្នកជំនាញលោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន៖ (១)ពង្រឹងការអនុវត្តផែនការឆ្លើយតប ដែលបានកំណត់តាមរយៈការពិនិត្យនិងវិភាគករណីមរណភាព ព្រមទាំងតាមដានលទ្ធផលនៃការអនុវត្តផែនការឆ្លើយតប និងការកែលម្អគុណភាពសេវា។ (២)បន្តពង្រឹងការអនុវត្ត ANC Color Code ដើម្បីជួយកំណត់ស្ត្រីមានផ្ទៃពោះដែលមានហានិភ័យនិងធានាឱ្យទទួលបានការគ្រប់គ្រង ការថែទាំ ឬការបញ្ជូនបន្តទៅកាន់កម្រិតសេវាសមស្រប។ (៣)លើកកម្ពស់ការបណ្តុះបណ្តាលការប្រើប្រាស់ ម៉ាស៊ីន CTG រវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យសម្ព័ន្ធមេត្រី។ (៤)ការផ្សព្វផ្សាយឱ្បានទូលំទូលាយនូវសារប្រយោជន៍នៃ ANC Color Code តាមប្រព័ន្ធ Media ដើម្បីលើកកម្ពស់ចំនេះដឹងសម្រាប់ស្រ្តី និងសហគមន៍។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រី ជាសមាជិកគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ថ្នាក់មន្ទីរពេទ្យជាតិទាំង៨ តំណាងអង្គការដៃគូសុខាភិបាល រួមមាន UNFPA សរុបអ្នកចូលរួម ២៨រូប ។