September 13, 2026
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានដឹកនាំកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យនូវការផ្តល់ធាតុចូល និងមតិយោបល់ ទៅលើការកែសម្រួលបញ្ចប់យុទ្ធសាស្ត្រជាតិសុខភាពតែមួយសម្រាប់កម្ពុជា ឆ្នាំ២០២៦-២០៣០។
គោលបំណងអង្គប្រជុំ ដើម្បីពិនិត្យមើលទៅលើការផ្តល់មតិយោបល់ និងកែសម្រួល បន្ទាប់ពីកិច្ចប្រជុំលើកទី១ ក្នុងការពិភាក្សា និងសម្រេចចុងក្រោយ ដើម្បីធានាបាន នូវការផ្តល់ធាតុចូលបានពេញលេញ ទៅលើយុទ្ធសាស្ត្រជាតិសុខភាពតែមួយសម្រាប់កម្ពុជា ឆ្នាំ២០២៦-២០៣០។
ជារួម អង្គប្រជុំបានពិនិត្យ និងឯកភាពនូវចំណុចសំខាន់ៗដែលទទួលបាន។ ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ និងជាប្រធាន IMCC-OH បានកោតសរសើរ និងថ្លែងអំណរគុណគ្រប់បណ្តាស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ក្នុងការចូលរួមផ្តល់ធាតុចូលសំខាន់ៗ ដើម្បីជួយបំពេញបន្ថែមឱ្យយុទ្ធសាស្ត្រជាតិសុខភាពតែមួយសម្រាប់កម្ពុជា ឆ្នាំ២០២៦-២០៣០ ទទួលបានលក្ខណៈគ្រប់ជ្រុងជ្រោយ។
កិច្ចប្រជុំនេះនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ លោក លោកស្រី តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង តំណាងអង្គការសុខភាពពិភពលោក និងក្រុមការងារពាក់ព័ន្ធ។