September 13, 2026
ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប ឬ PHC-BIF) ថ្នាក់ជាតិ បានចុះបំពេញបេសកកម្មការងារ PHC-BIF ជាក់ស្តែងនៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
បេសកកម្មនេះ ផ្ដោតសំខាន់លើការចុះពិនិត្យពង្រឹងការអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម និងពិភាក្សាជំរុញការចូលរួមរបស់ថ្នាក់ក្រោមជាតិ ព្រមទាំងដំណោះស្រាយលើបញ្ហាប្រឈមជាក់ស្តែងនៅតាមមូលដ្ឋាន នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលលោកជំទាវរដ្ឋលេខាធិការបានចុះទៅដល់ទីតាំងផ្ទាល់។
ក្នុងដំណើរចុះបំពេញការងារដ៏មានសារៈសំខាន់នេះ លោកជំទាវវេជ្ជបណ្ឌិត បានជួបសំណេះសំណាលាមួយក្រុមគ្រូពេទ្យ អតិថិជនមកទទួលសេវា ចូលរួមកិច្ចប្រជុំក្រុមការងារអភិវឌ្ឍនិងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមរបស់ស្រុក និងពិនិត្យមណ្ឌលសុខភាពដែលបានចុះទៅដល់ ចូលរួមផ្តល់អនុសាសន៍ណែនាំសំខាន់ៗចាំបាច់ ដោយមានការអញ្ជេីញចូលរួមពីលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ (ទទួលបន្ទុកវិស័យសុខាភិបាល) ឯកឧត្ដមវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំ និងមន្ត្រីអញ្ជើញមកពីមន្ទីរនានានៃខេត្តព្រះវិហារ តំណាងក្រុមគ្រូពេទ្យកងទ័ព ដែលជាសមាជិក-ជិកាក្រុមការងារ PHC-BIF ខេត្ត និងស្រុក លោកប្រធាន និងមន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ លោកអភិបាល-រង ស្រុក ដៃគូសុខាភិបាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន (ក្រុង សង្កាត់ ឃុំ ភូមិ) គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG)។
លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការនឹករលឹក និងសាកសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មូលដ្ឋាន វីរ:កងទ័ពជួរមុខ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលដែលជា "កងទ័ពអាវស" គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបម្រេីសេវា ជូនប្រជាជន និងការពារបូរណភាពទឹកដឺ បេីទោះជាប្រឈមទៅនឹងការឈ្លានពានពីភាគីម្ខាងទៀតក៏ដោយ ហេីយបានធ្វើការពាំនាំអនុសាសន៍របស់ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រីជូនអង្គប្រជុំនូវការ «ជំរុញឱ្យមានស្វ័យភាពនៃសវនកម្មផ្ទៃក្នុងរបស់មូលដ្ឋានសុខាភិបាល និងសហគមន៍ ដើម្បីនិរន្តភាពនៅនឹងកន្លែង» ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំជាច្រើនជុំវិញសកម្មភាពស្នូលទាំង៦ នៃ PHC-BIF ដែលជាចំណុចសំខាន់ត្រូវស្វែងយល់បន្ថែម និងយកទៅអនុវត្ត ក្នុងនោះមានការជំរុញការអនុវត្តគោលនយោបាយស្តីពីការចូលរួមរបស់សហគមន៍ ការកែប្រែឥរិយាបថ ការធ្វើនវានុវត្តន៍ឌីជីថលនៅតាមមណ្ឌលសុខភាព ពង្រឹងការផ្តល់សេវាសុខភាព២៤/៧ ការកែលម្អហេដ្ឋារចនា និងអនាម័យ បរិស្ថានស្អាត រក្សាសុវត្ថិភាពអ្នកជំងឺ ជំរុញកិច្ចការសុខភាពសហគមន៍ដោយឱ្យមានភាពបុរេសកម្មលេីការថែទាំសុខភាពបឋម ដោយចាប់ផ្តេីមចេញពីបុគ្គល គ្រួសារ និងសហគមន៍ នីមួយៗ ដើម្បីរក្សាសុខភាពល្អ និងការចូលរួមបែបពហុវិស័យនៅតាមមូលដ្ឋាននីមួយៗ ជំរុញការចូលរួមថែទាំសុខភាពដល់ក្រុមជនជាតិភាគតិច ដោះស្រាយបញ្ហាប្រឈមនានា ពិសេសកត្តាដែលបង្កឱ្យប៉ះពាល់ដល់សុខភាពនៅនឹងកន្លែង ដែលកិច្ចការថែទាំសុខភាពបឋមនេះ ជាគ្រឹះឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥។
ទន្ទឹមនឹងនោះ លោកជំទាវរដ្ឋលេខាធិការ បានស្នេីដល់រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ឱ្យពិភាក្សាគ្នា និងពិចារណាក្នុងការជ្រេីសរេីសស្រុកធ្វេីជាគំរូ សម្រាប់ជំរុញការអនុវត្ត PHC-BIF គំរូ នៅក្នុងខេត្តព្រះវិហារ ប្រសិនបេីអាចធ្វេីបាន គឺជាការល្អប្រសេីរ ដេីម្បីឱ្យស្រុកផ្សេងទៀតរៀនសូត្រតាមផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុមការងារបេសកកម្ម បានចុះពិនិត្យ និងបានជួបថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន (ខេត្ត ស្រុក ឃុំ សង្កាត់ ភូមិ) តំណាងក្រុមគ្រូពេទ្យកងទ័ព គណកម្មការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងតំណាងពហុស័យពាក់ព័ន្ធ ព្រមទាំងអតិថិជនដែលមកទទួលសេវា នៅតាមទីតាំងគោលដៅដែលបានចុះទៅដល់ផ្ទាល់ រួមមាន៖ មណ្ឌលសុខភាពភ្នំដែក មណ្ឌលសុខភាពឈ្នួន មណ្ឌលសុខភាពត្បែងមានជ័យ មណ្ឌលសុខភាពព្រះមេរុ សាលាស្រុករវៀង មណ្ឌលសុខភាពសម្ដេចអគ្គមហាធម្មពោធិសាល ជាស៊ីម មណ្ឌលសុខភាពស្រអែម សាលាស្រុកជាំក្សាន្ត និងចូលរួមប្រជុំនៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ។