Cambodia
New Details

Image
ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក​ចំនួន​ ០២​​ របស់មន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្ត​កំពង់​ធំ​។

September 13, 2026

ខេត្តកំពង់ធំ៖ ចាប់​ពី​ថ្ងៃទី០៩​ ដល់​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្ដម​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ឯកឧត្តម​ឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក​ចំនួន​ ០២​​ របស់មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្ត​កំពង់​ធំ​ រួម​មាន​ មន្ទីរពេទ្យ​បង្អែក​បារាយណ៍​សន្ទុក​ និង​មន្ទីរ​ពេទ្យ​បង្អែកស្ទោង​។

ក្នុងឱកាសបំពេញបេសកកម្មនេះ ឯកឧត្ដម​បណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី​ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ដែលបានលះបង់ខ្ពស់ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយ​វិជ្ជាជីវៈ​ ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និង​គិត​គួរ​ពី​សុវត្ថិភាព​អ្នក​ជំងឺ​ជា​ចម្បង។

ឆ្នាំ​នេះ​ ជំងឺ​គ្រុន​ឈាម​បាន​ផ្ទុះ​ឡើងខ្លាំង​ ឯកឧត្ដម​បណ្ឌិត​ បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ចូលរួម​ផ្សព្វផ្សាយ​ អប់រំ​ ដល់​ប្រជាពលរដ្ឋ​ ​ដេីម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម​ ដូច​ជា​ការបំបាត់ជម្រកមូសខ្លា គឺត្រូវលាងសម្អាត និងគ្របពាង ឬអាងទឹកឱ្យបានជិត ផ្លាស់ប្តូរទឹកនៅក្នុងថូផ្កា និងរៀបចំអនាម័យជុំវិញផ្ទះ ដោយកម្ទេចចោលនូវសម្ភារៈដែលអាចដក់ទឹកបាន ដូចជា​ សំបកកង់ឡាន សំបកដូង កំប៉ុង និងផ្លាស្ទិក ជាដើម។ ត្រូវដាក់ថ្នាំអាបាត (Abate) ក្នុងពាងទឹក កាប់ឆ្ការព្រៃជុំវិញផ្ទះ ដេកក្នុងមុង ឬមុងជ្រលក់ថ្នាំជានិច្ច និងស្លៀកពាក់ខោអាវដៃវែងជើងវែង។​ ប្រសិនបើពិនិត្យ ឃើញសមាជិកគ្រួសារមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវបញ្ជូនទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតបំផុតជាប្រញាប់ ដោយជៀសវាងដាច់ខាតនូវ ការទិញថ្នាំលេប ឬព្យាបាលដោយខ្លួនឯងនៅផ្ទះ ដើម្បីធានាសុវត្ថិភាព និងសង្គ្រោះជីវិតបានទាន់ពេលវេលា។

ឯកឧត្តម​បណ្ឌិត បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែគិតគូពីសុខភាព​ និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៅក្នុង​នោះ​ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ​ ឯកឧត្ដម​សាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព​ ។

ឯកឧត្តម​បណ្ឌិត​ បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ឆ្នាំ២០២៥ កន្លងទៅ​នេះ​ រាជរដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​សម្រាប់​អភិវឌ្ឍ​មន្ទីរពេទ្យ​ចំនួន​៦១​ កំរិត​១​ និង​កំរិត​២​ ឱ្យមាន​សមត្ថភាព​ផ្នែក​វះកាត់​ សង្គ្រោះ​បន្ទាន់​ សង្រ្គោះ​ទារក​ និង​ថែទាំ​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ​ ដេីម្បី​កាត់​បន្ថយ​ការ​បញ្ជូន​ទៅមន្ទីរពេទ្យ​ថ្នាក់​ជាតិ​ កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​​​។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25

Gallery Gallery
1 / 1
Gallery image