September 15, 2026
រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានទទួលជួបគណៈប្រតិភូ ធុរៈកិច្ចសុខាភិបាលអាល្លឺម៉ង់ ដែលដឹកនាំដោយលោក Christof Weigelmeier អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោក Peter Kompalla ប្រធានតំណាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់ ព្រមទាំងតំណាង ក្រុមហ៊ុនអាល្លឺម៉ង់។
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីអាទិភាពអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា និងឱកាសសហប្រតិបត្តិការលើប្រព័ន្ធសុខាភិបាលឌីជីថល ការគ្រប់គ្រងរូបភាពវេជ្ជសាស្ត្រ ការប្រើប្រាស់ បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ បរិក្ខារព័ត៌មានវិទ្យាសម្រាប់មន្ទីរពេទ្យ សេវាសង្គ្រោះ បន្ទាន់មុនដល់មន្ទីរពេទ្យ ឱសថ និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា រាល់ដំណោះស្រាយឌីជីថល បរិក្ខារ វេជ្ជសាស្ត្រ ឱសថ និងសំណើវិនិយោគ ត្រូវឆ្លើយតបនឹងតម្រូវការជាក់ស្តែង រក្សាគុណភាព សុវត្ថិភាព និងឯកជនភាពទិន្នន័យអ្នកជំងឺ ហើយត្រូវគោរពច្បាប់ បទប្បញ្ញត្តិ ស្តង់ដារ និងនីតិវិធីជាធរមាន របស់ប្រទេសកម្ពុជា។
ក្រសួងសុខាភិបាលសូមស្វាគមន៍ការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល ការផ្ទេរបច្ចេកវិទ្យា និងភាពជាដៃគូដែលរួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយចីរភាព។
កិច្ចប្រជុំនេះនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង។