September 15, 2026
ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣២ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ (Zoom) សរុបចំនួន ៣១៧២នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូននូវទស្សនាទានគន្លឹះដែលជាចក្ខុវិស័យរបស់វិស័យសុខាភិបាលកម្ពុជាដែលបានចែករំលែកនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៧ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់កម្រិត យកទៅអនុវត្តនៅតាមអង្គភាពដើម្បីបន្តពង្រឹងប្រពន្ធ័សុខាភិបាលកម្ពុជា ឱ្យស្របទៅនឹងប្រពន្ធ័សុខាភិបាលរបស់តំបន់អាស៊ានទាំងមូល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនបទបឋកថាស្តីពីការសម្រេចឱ្យបាននូវតម្រូវការដែលលើសពីសមត្ថភាព ដែលយើងមាន ដោយចាប់ផ្តើមឡើងពីការប្រើប្រាស់សមត្ថភាពរបស់អ្នកដឹកនាំក្នុងការយល់ដឹង ស្គាល់ស្ថានភាពនៅជុំវិញ និងភាពមុះមុត ការទាក់ទាញការចូលរួមពីក្រុមការងារ។
ក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីមន្ទីរពេទ្យតេជោសែនកោះធំ បានបង្ហាញពីការវិវត្តន៍រីកចំរើនរបស់មន្ទីរពេទ្យេតេជោកោះធំ ដែលកើតចេញពីការផ្តួចផ្តើមគំនិតពីថ្នាក់ដឹកនាំ និងការចូលរួមជ្រោមជ្រែងពីអង្គភាព និងភាគីពាក់ពន្ធ័ជាច្រើន រហូតដល់មន្ទីរពេទ្យតេជោះកោះធំ បានក្លាយទៅជាមន្ទីរពេទ្យផ្តល់សេវាគំរូមួយ។