September 19, 2026
ខេត្តឧត្តរមានជ័យ និងព្រះវិហារ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះ ពិនិត្យ និងពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកអន្លង់វែង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យបង្អែកជាំក្សាន្ត របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ។
ក្នុងឱកាសបំពេញបេសកកម្មនេះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលបានលះបង់ខ្ពស់ក្នុងការងារបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ បង្កើនការយកចិត្តទុកដាក់ផ្ដល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវរើសអើងអ្នកជំងឺណាម្នាក់ឡើយ ជាពិសេសត្រូវគិតគូរ ពីសុវត្ថិភាពអ្នកជំងឺជាចម្បង។
ដោយឆ្នាំនេះមានជំងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំង ឯកឧត្ដមបណ្ឌិតបានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដូចជាការបំបាត់ជម្រកមូសខ្លា ដោយលាងសម្អាត និងគ្របពាង ឬអាងទឹកឱ្យបានជិត ផ្លាស់ប្ដូរទឹកនៅក្នុងថូផ្កា និងរៀបចំអនាម័យជុំវិញផ្ទះសម្បែង ដោយកម្ទេចចោលនូវសម្ភារៈដែលអាចដក់ទឹក ដូចជាសំបកកង់ឡាន សំបកដូង កំប៉ុង និងផ្លាស្ទិក ជាដើម។ ត្រូវដាក់ថ្នាំអាបាត (Abate) ក្នុងពាងទឹក កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដេកក្នុងមុង ឬមុងជ្រលក់ថ្នាំជានិច្ច និងស្លៀកពាក់ខោអាវដៃវែងជើងវែង។ ប្រសិនបើពិនិត្យឃើញសមាជិកគ្រួសារមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ ត្រូវបញ្ជូនទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតបំផុតជាប្រញាប់ ដោយជៀសវាងដាច់ខាតនូវការទិញថ្នាំលេប ឬព្យាបាលដោយខ្លួនឯងនៅផ្ទះ ដើម្បីធានាសុវត្ថិភាព និងសង្គ្រោះជីវិតបានទាន់ពេលវេលា។
ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែគិតគូរពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅក្នុងនោះ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្ដោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។
ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្ដល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព។
ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៥ កន្លងទៅ រាជរដ្ឋាភិបាលបានផ្ដល់ថវិកាសម្រាប់អភិវឌ្ឍមន្ទីរពេទ្យចំនួន៦១ កម្រិត១ និងកម្រិត២ ឱ្យមានសមត្ថភាពផ្នែកវះកាត់ សង្គ្រោះបន្ទាន់ សង្គ្រោះទារក និងថែទាំអ្នកជំងឺធ្ងន់ធ្ងរ ដើម្បីកាត់បន្ថយការបញ្ជូនទៅមន្ទីរពេទ្យថ្នាក់ជាតិ កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។