September 20, 2026
ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពមណ្ឌលសុខភាពចំនួន ១៣ ស្ថិតក្នុងស្រុកប្រតិបត្តិចំនួន២ រួមមាន ស្រុកប្រតិបត្តិកំពង់ធំ និងស្រុកបារាយសន្ទុក។
ការចុះពិនិត្យជុំទី៣ នេះមានគោលបំណងផ្តោតសំខាន់លើការពិនិត្យការអនុវត្តអនុសាសន៍ ដែលបានដាក់ចេញក្នុងជុំមុនៗ ការវាយតម្លៃវឌ្ឍនភាពជាក់ស្តែង និងការស្វែងរកមូលហេតុនៃបញ្ហា ដែលនៅសល់ ដើម្បីរួមគ្នាកំណត់វិធានការកែលម្អឱ្យបានសមស្រប និងទាន់ពេលវេលា។ ការវាយតម្លៃរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានអនាម័យ ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យ ស្ថានភាពធនធានមនុស្ស គុណភាព និងសុវត្ថិភាពនៃការផ្តល់សេវា ក្រមសីលធម៌វិជ្ជាជីវៈ ប្រព័ន្ធរបាយការណ៍ និងយន្តការអភិបាលកិច្ចនៅមូលដ្ឋាន និងបានពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមណ្ឌលសុខភាព ដើម្បីស្តាប់បញ្ហាប្រឈម ផ្តល់ការណែនាំបច្ចេកទេស និងស្វែងរកដំណោះស្រាយដែលអាចអនុវត្តបានតាមស្ថានភាពរបស់មណ្ឌលនីមួយៗ។
ក្រុមការងារបានគូសបញ្ជាក់ថា គុណភាពសេវាសុខាភិបាលទទួលបានមិនអាស្រ័យតែលើចំណេះដឹង និងសមត្ថភាពបច្ចេកទេសមន្រ្តីសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្សារភ្ជាប់ជាមួយភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ សីលធម៌វិជ្ជាជីវៈ អាកប្បកិរិយាសមរម្យ ការប្រាស្រ័យទាក់ទងល្អ និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។ មណ្ឌលសុខភាពត្រូវក្លាយជាកន្លែងដែលប្រជាពលរដ្ឋអាចចូលមកទទួលសេវាដោយមានទំនុកចិត្ត មានសុវត្ថិភាព និងមិនមានការរើសអើង។
ក្នុងឱកាសនោះ ក្រុមការងារបានផ្តាំផ្ញើ និងណែនាំចំណុចសំខាន់ៗដូចខាងក្រោម៖
១-មណ្ឌលសុខភាពនិមួយៗ ត្រូវមានភាពជាម្ចាស់ការងារ ដោយមានផែនការច្បាស់លាស់ បែងចែកភារកិច្ចតាមសមត្ថភាព និងតាមដានលទ្ធផលជាប្រចាំ។ ការងារគ្រប់ផ្នែកត្រូវមានទំនាក់ទំនងគ្នាជាប្រព័ន្ធ មិនត្រូវធ្វើការដាច់ដោយឡែក ឬទុកឱ្យមានចន្លោះខ្វះការទទួលខុសត្រូវឡើយ។ ប្រធានអង្គភាពត្រូវដឹកនាំដោយគំរូល្អ មានតម្លាភាព និងចេះប្រមូលផ្តុំកម្លាំងបុគ្គលិកឱ្យរួមគ្នាដោះស្រាយបញ្ហា។
២-ត្រូវរៀបចំការប្រជុំខ្លីជាប្រចាំ ដើម្បីពិនិត្យស្ថានភាពអ្នកជំងឺ សេវាដែលបានផ្តល់ ករណីដែលត្រូវតាមដាន បញ្ហាប្រឈម និងផែនការការងារបន្ត។ ទិន្នន័យ និងរបាយការណ៍ត្រូវបញ្ចូលក្នុងប្រព័ន្ធផ្លូវការឱ្យបានពេញលេញ ត្រឹមត្រូវ និងទាន់ពេលវេលា។
៣-ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវជាប់ឱ្យបានពីបញ្ហាប្រឈម និងជួយដោះស្រាយដោយភាពយុត្តិធម៌ ការទទួលស្គាល់ស្នាដៃ ការលើកទឹកចិត្ត និងការបង្កើតបរិយាកាសការងារល្អ គឺជាកត្តាសំខាន់ក្នុងការរក្សាកម្លាំងចិត្ត និងពង្រឹងគុណភាពសេវា។
៣-ពង្រឹងការចូលរួមរបស់អាជ្ញាធរ និងសហគមន៍ គណៈកម្មការទ្រទ្រង់មណ្ឌលសុខភាព ត្រូវបន្តចូលរួមគាំទ្រដល់ការរៀបចំបរិស្ថាន ការផ្សព្វផ្សាយអប់រំសុខភាព និងការជំរុញប្រជាពលរដ្ឋឱ្យមកប្រើប្រាស់សេវាឱ្យបានទាន់ពេលវេលា។ ការចូលរួមរបស់សហគមន៍ក៏ជាយន្តការសំខាន់សម្រាប់ផ្តល់មតិត្រឡប់ បង្កើនគណនេយ្យភាព និងធ្វើឱ្យសេវាសុខាភិបាលឆ្លើយតបបានកាន់តែល្អទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ជាលទ្ធផល ក្រុមការងារបានកត់សម្គាល់ឃើញថា មណ្ឌលសុខភាពភាគច្រើនមានវឌ្ឍនភាពល្អប្រសើរលើការគ្រប់គ្រង ការរៀបចំបរិស្ថាន ការកត់ត្រាទិន្នន័យ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាល និងកិច្ចសហការរវាងមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ អាជ្ញាធរមូលដ្ឋាន គណៈកម្មការទ្រទ្រង់មណ្ឌលសុខភាព និងសហគមន៍។ ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ក្រុមការងារក៏បានកំណត់ចំណុចដែលត្រូវបន្តកែលម្អ និងផ្តល់អនុសាសន៍ជាក់លាក់តាមស្ថានភាពរបស់មណ្ឌលនីមួយៗ។
មណ្ឌលសុខភាពទាំង ២៥ ដែលបានចុះពិនិត្យរួមមាន៖
១.មណ្ឌលសុខភាពតាំងក្រសាំង
២.មណ្ឌលសុខភាពសំបូរ
៣.មណ្ឌលសុខភាពសាលាវិស័យ
៤.មណ្ឌលសុខភាពជ័យ
៥.មណ្ឌលសុខភាពទីពោធ៏
៦.មណ្ឌលសុខភាពត្នោតជុំ
៧.មណ្ឌលសុខភាពចុងដូង
៨.មណ្ឌលសុខភាពមានជ័យ
៩.មណ្ឌលសុខភាពព្រៃគុយ
១០.មណ្ឌលសុខភាពទំរីង
១១.មណ្ឌលសុខភាពឈើទាល
១២.មណ្ឌលសុខភាពកំពង់ស្វាយ
១៣.មណ្ឌលសុខភាព សណ្តាន់។
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៖
-ករណីឆ្លងថ្មី ០នាក់
-ករណីជាសះស្បើយ ០នាក់
-ករណីស្លាប់ ០នាក់