September 20, 2026
ខេត្តព្រះវិហារ និងសៀមរាប៖ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត (គ.ជ.ស.ជ.) បានអញ្ជើញចូលរួមកម្មវិធីទស្សនកិច្ចសិក្សា និងកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំ "ទីក្រុងសិក្សា" នៅខេត្តព្រះវិហារ និងខេត្តសៀមរាប។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងប្រមូលធាតុចូលសម្រាប់ការរៀបចំ «ទីក្រុងសិក្សា» ដែលផ្សារភ្ជាប់ជាមួយ សហគមន៍បៃតង ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងភាពជាពលរដ្ឋឌីជីថល ដើម្បីចូលរួមជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅមូលដ្ឋាន និងបង្កើតបរិយាកាស ព្រមទាំងឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប។
កិច្ចប្រជុំបានផ្តោតលើការជំរុញការចូលរួម និងកិច្ចសហការរវាងស្ថាប័នអប់រំ រដ្ឋបាលមូលដ្ឋាន ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍ និងប្រជាពលរដ្ឋ ដោយផ្សារភ្ជាប់ការសិក្សាពេញមួយជីវិតទៅនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការងារ និងសហគ្រិនភាព សុខុមាលភាព បរិស្ថាន និងការកសាងសង្គមប្រកបដោយបរិយាបន្ន សមធម៌ និងភាពធន់។
ក្នុងកិច្ចប្រជុំ មានបទបង្ហាញសំខាន់ៗចំនួន ៣ រួមមាន៖
១.ទស្សនទានទីក្រុងសិក្សា និងយន្តការរៀបចំវាយតម្លៃ និងទទួលស្គាល់ទីក្រុងសិក្សា ក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌសកល
២.សហគមន៍បៃតង ការអប់រំបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (ការផ្សារភ្ជាប់ទៅនឹងការរៀបចំទីក្រុងសិក្សានៅកម្ពុជា)
៣.ការត្រៀមខ្លួនរបស់ពលរដ្ឋ ក្នុងក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថល។
បន្ទាប់ពីបទបង្ហាញ កិច្ចប្រជុំបានពិភាក្សា និងឆ្លុះបញ្ចាំងអំពី ទស្សនទាន អាទិភាព និងទិសដៅសម្រាប់ការរៀបចំទីក្រុងសិក្សានៅកម្ពុជា ព្រមទាំងកំណត់អាទិភាពការងារ និងតួនាទីចូលរួមរបស់សមាជិក គ.ជ.ស.ជ.។ កិច្ចប្រជុំក៏បានពិភាក្សាអំពីយន្តការ និងផែនទីបង្ហាញផ្លូវ ដោយផ្អែកលើចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តដែលទទួលបានពីទស្សនកិច្ចសិក្សា។
ជាពិសេស កំណត់សកម្មភាពដែលអាចអនុវត្តរួមគ្នា ដើម្បីលើកកម្ពស់ការសិក្សាពេញមួយជីវិត ការអប់រំបរិស្ថាន សុខុមាលភាព ភាពធន់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅមូលដ្ឋាន ព្រមទាំងពិភាក្សាអំពីការត្រៀមខ្លួន និងដំណើរការសម្រាប់ការចូលរួមក្នុងបណ្តាញទីក្រុងសិក្សាសកលរបស់ អង្គការ UNESCO (UNESCO Global Network of Learning Cities – UNESCO GNLC)។
ចំណែកឯដំណើរទស្សនកិច្ច មានគោលបំណងស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធនឹង៖
-ដំណើរការរៀបចំ និងការអនុវត្តកម្មវិធីបណ្ដុះបណ្ដាល
-បទពិសោធន៍ក្នុងការកៀរគរ និងជំរុញការចូលរួមរបស់អ្នកសិក្សា ព្រមទាំងវិធីសាស្ត្រផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពសិក្សាពេញមួយជីវិត
-ការរៀបចំកម្មវិធីសិក្សាដែលមានភាពបត់បែន និងឆ្លើយតបនឹងតម្រូវការរបស់អ្នកសិក្សា ព្រមទាំងតម្រូវការជាក់ស្តែងរបស់សហគមន៍ និងទីផ្សារការងារ។
ទស្សនកិច្ចសិក្សាមានចំនួន ៣ រួមមាន វិទ្យាស្ថានពហុបច្ចេកទេស ខេត្តព្រះវិហារ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ប៉ាលហាល ក្រុមព្រះវិហារ និងវិទ្យាស្ថានអប់រំពិសេសសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គម ក្រសួងកិច្ចការនារី លោកស្រី ពៅ វណ្ណា នាយិកា អង្គការ DVV International ប្រចាំនៅកម្ពុជា ព្រមទាំងតំណាងអង្គការ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត រួមមាន អង្គការ ODC អង្គការ KnK និងអង្គការ NFUAJ និងតំណាងរដ្ឋបាលខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ។