September 21, 2026
ខេត្តកែប៖ ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបោះជំរុំជំងឺទឹកនោមផ្អែមប្រភេទ១។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់អ្នកជំងឺ រួមទាំងអាណាព្យាបាលបានចែករំលែកបទពិសោធន៍ពីការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ PSI និងអង្គការដៃគូនានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់កម្មវិធីជំងឺទឹកនោមផ្អែមប្រភេទ១ ទាំងលើការអប់រំសុខភាព ការឧបត្ថម្ភគាំទ្រការព្យាបាលនៅតាមមន្ទីរពេទ្យជាតិ និងការរៀបចំសកម្មភាពផ្សេងៗ ក្នុងសហគមន៍ ដូចជាកម្មវិធីបោះជំរុំនេះជាដើម។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអង្គការ PSI អង្គការដៃគូពាក់ព័ន្ធ និងនាយកដ្ឋានការពារសុខភាព បន្តខិតខំរៀបចំសកម្មភាពអប់រំសុខភាព និងសកម្មភាពរាងកាយឱ្យបានកាន់តែច្រើន ដើម្បីពង្រីកចំណេះដឹងដល់សហគមន៍បន្ថែមទៀត។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ណែនាំ និងផ្ដាំផ្ញើនូវចំនុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១)ចំពោះថ្នាក់ដឹកនាំនាយកដ្ឋានការពារសុខភាព និងក្រុមគ្រូពេទ្យក្រៅពីការព្យាបាលដោយឱសថបានទៀងទាត់ និងត្រឹមត្រូវ ត្រូវយកចិត្តទុកដាក់អប់រំណែនាំអំពីរបៀបរបបរស់នៅ និងការបរិភោគអាហារដែលមានសុវត្ថិភាព ដែលជាគន្លឹះសំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមទាំងប្រភេទ១ និងប្រភេទ២ ឱ្យបានល្អប្រសើរ។
២)ចំពោះអាណាព្យាបាលត្រូវចូលរួម និងលើកទឹកចិត្តកុមារាកុមារីដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ឱ្យរស់នៅក្នុងស្ថានភាពដូចកុមារទូទៅ ដោយមិនមានសម្ពាធទាំងលើការធ្វើសកម្មភាពរាងកាយ និងការរស់នៅប្រចាំថ្ងៃ។ ចំពោះការហូបចុក គឺគ្រាន់តែតម្រូវឱ្យមានលក្ខណៈសមស្របតាមការណែនាំរបស់គ្រូពេទ្យប៉ុណ្ណោះ។
៣)ចំពោះក្មួយៗ ដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវខិតខំស្តាប់ និងអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានត្រឹមត្រូវ ទាំងការប្រើប្រាស់ឱសថអាំងស៊ុយលីន និងការទទួលទានអាហារដែលមានសុវត្ថិភាព និងប្រភពច្បាស់លាស់។ មិនត្រូវចាត់ទុកខ្លួនឯងជាអ្នករងសម្ពាធ រហូតធ្វើឱ្យធ្លាក់ទឹកចិត្តនោះឡើយ ព្រោះវាអាចធ្វើឱ្យជំងឺវិវត្តន៍ទៅជាពិបាកគ្រប់គ្រង ឬបង្កជាផលវិបាកផ្សេងៗ។
៤)ការរស់នៅប្រចាំថ្ងៃត្រូវធ្វើសកម្មភាពរាងកាយឱ្យបានទៀងទាត់ មានភាពរស់រវើកក្នុងការសិក្សា និងការងារគ្រួសារដូចកុមារទូទៅ។ នេះជាគន្លឹះការពារកុំឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងមិនត្រូវចាត់ទុកខ្លួនឯងជាអ្នកជំងឺដែលពិបាកព្យាបាលឡើយ ព្រោះជំងឺនេះអាចគ្រប់គ្រង និងព្យាបាលបាន ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងអាណាព្យាបាល។
៥)ចំពោះសាធារណជន និងអ្នកចូលរួមទាំងអស់ត្រូវស្វែងយល់ និងទទួលព័ត៌មានសុខភាពពីប្រភពច្បាស់លាស់ ដែលមានលក្ខណៈវេជ្ជសាស្ត្រត្រឹមត្រូវពីគ្រូពេទ្យជំនាញដែលមានការទទួលស្គាល់ ត្រូវចៀសវាងការជឿ ឬអនុវត្តតាមការប្រាប់តៗគ្នា ដែលអាចប៉ះពាល់ដល់លទ្ធផលព្យាបាល ឬបង្កគ្រោះថ្នាក់ជាយថាហេតុ។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី១៩-២០ ខែកញ្ញា) ដោយមានការចូលរួមពីនាយកដ្ឋានការពារសុខភាព ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ អង្គការ PSI អង្គការ A4D ព្រមទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ (អាយុពី ១៣ ដល់ ២០ឆ្នាំ) និងអាណាព្យាបាល សរុបចំនួន ៧៥នាក់។