September 22, 2026
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំលើកទី៧ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
កិច្ចប្រជុំមានគោលបំណងពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងារត្រៀមរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ព្រមទាំងពិនិត្យឡើងវិញនូវការណែនាំដែលបានដាក់ចេញក្នុងកិច្ចប្រជុំលើកទី៦ និងការងាររបស់អនុគណៈកម្មការទាំង៧។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកទប់ស្កាត់ជំងឺឆ្លង ក្នុងនាមប្រធានអនុគណៈកម្មការទី៧ បានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ក្រសួងសុខាភិបាលក្នុងការត្រៀមទប់ស្កាត់ជំងឺឆ្លង ដោយបានរៀបចំ SOP និងផែនការការងារនៅតាមទីតាំងចាំបាច់នានានៃកម្មវិធី ទាំងនៅអាកាសយានដ្ឋានអន្តរជាតិមរតកតេជោ ទីតាំងស្នាក់នៅ និងទីតាំងពិធីសំខាន់ៗ។
បន្ទាប់ពីរបាយការណ៍វឌ្ឍនភាពការងារសំខាន់ៗរបស់អនុគណៈកម្មការទាំង៧ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗសម្រាប់ទិសដៅការងារបន្ត ដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យ។