September 22, 2026
ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៣ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទ ក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom)សរុបចំនួន ២៩៩៥នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរាយការណ៍ជូននូវលទ្ធផលជាក់ស្តែង នៃវឌ្ឍនភាពក្នុងការបម្រើសេវា២៤ម៉ោង/៧ថ្ងៃ នៅមណ្ឌលសុខភាព ដែលជាការផ្លាស់ប្តូរប្រកបទៅដោយក្តីសង្ឃឹម។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់កម្រិត យកចិត្តទុកដាក់ និងទទួលយកនូវការរិះគន់បែបស្ថាបនា ដើម្បីពិនិត្យ កែលម្អ និងដោះស្រាយដោយផ្តោតទៅលើលទ្ធផល។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនបទបឋកថា ស្តីពីសេចក្តីសន្និដ្ឋានលើ ភាពមិនប្រាកដប្រជាដែលជាសមត្ថភាពរបស់អ្នកដឹកនាំ ក្នុងការប្រែក្លាយស្ថានភាពមិនប្រាកដប្រជា ឲ្យក្លាយទៅជាភាពវិជ្ជមាន ជាយន្តការក្នុងការផ្លាស់ប្តូរ ប្រែក្លាយទៅជាភាពធន់ ដែលអាចបញ្ជាក់ថា “យើងធ្វើបាន” ទោះកិច្ចការនោះលើសពី សមត្ថភាពយើងក៏ដោយ។
ក្នុងកម្មវិធីនេះក៏មានបទបង្ហាញអំពីសមិទ្ធផលរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងទិសដៅការងារដែលកើតចេញពីការរួបរួមគ្នាជាធ្លុងមួយ នៃក្រុមការងារក្នុងការគិត ការអនុវត្ត និងការទទួលខុសត្រូវរួមគ្នា ក្រោមភាពជាអ្នកដឹកនាំល្អ រហូតប្រែក្លាយខ្លួនទៅជាមន្ទីរពេទ្យសាធារណៈគំរូ។