October 04, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ចាប់តាំងពីឆ្នាំសិក្សា ២០០៥ រហូតមកដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបណ្តុះបណ្តាលធនធានមនុស្សសរុបជិត ៩ ម៉ឺនអង្គ/នាក់ ដែលបាន និងកំពុងចូលរួមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ តាមរយៈរបាយការណ៍របស់សាកលវិទ្យាល័យ បានបង្ហាញថា និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយទទួលបានសញ្ញាបត្រនាព្រឹកថ្ងៃនេះ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងបណ្ឌិតកិត្តិយស សរុបចំនួន ២ ៥៧៣ អង្គ/នាក់។
សមិទ្ធផលនេះបានបង្ហាញពីការរួមចំណែកដល់ការកសាងមូលធនមនុស្ស តាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាព និងជំនាញឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។ សម្តេចមហាបវរធិបតីបានលើកបញ្ជាក់នូវភាពចាំបាច់នៃការបណ្តុះបណ្តាល ប្រកបដោយគុណភាព សមត្ថភាព និងក្រមសីលធម៌។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៧ ពុំមានការដកថវិការបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាទេ ថែមទាំងមានការកើនឡើង ដោយក្រសួងសុខាភិបាល កើន ១,៥% ក្រសួងអប់រំ យុវជន និងកីឡា កើនឡើងប្រមាណ ៤,7% ប្រសិនបើតម្រូវការត្រូវដកថវិកាជាយថាហេតុណាមួយ ក្រសួងទាំងពីរនេះគឺត្រូវដកក្រោយគេ។
សម្តេចមហាបវរធិបតី បានបន្ថែមទៀតថា AI គឺប្រើប្រាស់សម្រាប់ជួយកិច្ចការរបស់មនុស្ស គឺពុំមែនធ្វើការសម្រេចជំនួសមនុស្សឡើយ។