Cambodia
New Details

Image
ការចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យខេត្តកំពត។

October 05, 2026

ខេត្តកំពត៖ ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពនៃការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តកំពត។

ការចុះអភិបាលគាំទ្រនេះ មានគោលបំណងជួយគាំទ្រដល់ការអនុវត្តផែនការសកម្មភាពរបស់មន្ទីរពេទ្យ ព្រមទាំងពង្រឹងគុណភាព និងសមត្ថភាពក្នុងការបម្រើសេវាសុខាភិបាល ជាពិសេសសេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ សេវាអមវេជ្ជសាស្ត្រ សេវាពិគ្រោះជំងឺក្រៅ និងការរៀបចំលំហូរអ្នកជំងឺនៅទូទាំងមន្ទីរពេទ្យ។ ជាមួយគ្នានេះ ក៏បានពិនិត្យ និងជំរុញការកែលម្អសោភ័ណភាពទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋានរបស់បុគ្គលិកផងដែរ។

ក្នុងដំណើរចុះអភិបាលគាំទ្រ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យតាមទីតាំងផ្តល់សេវាសុខាភិបាលនានា របស់មន្ទីរពេទ្យ និងបានចូលសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ព្រមទាំងសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលដែលកំពុងបំពេញការងារ។

ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ បានសង្កេតឃើញថា មន្ទីរពេទ្យខេត្តកំពតបានខិតខំរៀបចំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដែលមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះ ក៏នៅមានចំណុចមួយចំនួនដែលត្រូវបន្តកែលម្អបន្ថែម ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ និងធានាសុវត្ថិភាព ព្រមទាំងការការពារការចម្លងរោគនៅក្នុងមន្ទីរពេទ្យឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរសុខាភិបាល រៀបចំផែនការជាក់លាក់សម្រាប់ពង្រឹង និងកែលម្អផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៧។ ជាពិសេស ត្រូវរៀបចំ និងកែលម្អបន្ទប់វះកាត់ឱ្យបានត្រឹមត្រូវតាមនិយាម និងស្តង់ដារជាតិដែលបានកំណត់ ព្រមទាំងបន្តលើកកម្ពស់គុណភាពសេវាសង្គ្រោះបន្ទាន់កម្រិតធ្ងន់ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ថែមទៀត។ ការពង្រឹងសមត្ថភាពនេះមានសារៈសំខាន់ ដោយសារខេត្តកំពតជាខេត្តទេសចរណ៍ ដែលមានតម្រូវការសេវាសុខាភិបាលកាន់តែខ្ពស់ និងទាមទារឱ្យមានមន្ទីរពេទ្យដែលមានសមត្ថភាព និងកម្រិតស្តង់ដារខ្ពស់ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីការចូលរួមជាមួយថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាពិនិត្យ តាមដាន និងជំរុញការអនុវត្តផែនការឱ្យទទួលបានលទ្ធផលជាក់ស្តែង ក្នុងឆ្នាំ២០២៧ ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យខេត្តកំពតទាំងអស់ ដែលបានខិតខំបំពេញការងារ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងមានគុណភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

Gallery Gallery
1 / 1
Gallery image