October 05, 2026
ខេត្ដព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារនាពេលកន្លងមក ដែលឃើញថាមានការរីកចម្រើន និងល្អប្រសើរជាងមុន។
ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តល់អនុសាសន៍ និងណែនាំបន្ថែមលើការងារសំខាន់ៗ រួមមាន៖
-ការងារបច្ចេកទេស និងរដ្ឋបាល៖ យកចិត្តទុកដាក់លើកិច្ចប្រជុំបច្ចេកទេសពេលព្រឹក ការយាមប្រចាំការ ការតាមដានអ្នកជំងឺ ការរៀបចំឯកសារអ្នកជំងឺ និងឯកសាររដ្ឋបាលមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ។
-ការរៀបចំ និងពង្រឹងសេវា៖ ពង្រឹងសមត្ថភាពផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ លំហូរអ្នកជំងឺ (OPD) ផ្នែកចុះឈ្មោះ និងបញ្ជរបង់ប្រាក់។
-បរិស្ថាន និងថវិកា៖ លើកកម្ពស់សោភ័ណភាព អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ ឯកសណ្ឋានបុគ្គលិក និងការប្រើប្រាស់ថវិកាអភិវឌ្ឍន៍មន្ទីរពេទ្យប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាល និងបុគ្គលិកទាំងអស់ ដែលបាន និងកំពុងខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។