October 05, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល សហការជាមួយសមាគមគ្រូពេទ្យជំងឺមហារីកកម្ពុជា រៀបចំពិធីផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ក្រោមប្រធានបទ «រកឃើញទាន់ពេល ព្យាបាលមានប្រសិទ្ធភាព ក្តីសង្ឃឹមខ្ពស់» ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ អង្គការដៃគូអភិវឌ្ឍន៍ សប្បុរសជន វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល ក្រុមប្រឹក្សាភិបាល និងសមាជិកសមាគមន៍ គ្រូពេទ្យ ជំងឺមហារីកកម្ពុជា និស្សិត ប្រជាពលរដ្ឋ និងតំណាងអ្នកជំងឺមហារីកសុដន់ សរុបប្រមាណ ៤០០នាក់។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៤គឺ៖
១-លើកកម្ពស់ការយល់ដឹងទូលំទូលាយ៖ ផ្តល់ចំណេះដឹងអំពីជំងឺមហារីកសុដន់ កត្តាហានិភ័យ និងរោគសញ្ញាសំខាន់ៗ ជូនដល់អ្នកជំងឺ ក្រុមគ្រួសារ បុគ្គលិកសុខាភិបាល និងសាធារណជន។
២-បង្ហាញពីសមត្ថភាព និងការគាំទ្រ៖ បង្ហាញពីលទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលាក្នុងប្រព័ន្ធសុខាភិបាលបច្ចុប្បន្ន។
៣-ចែករំលែកសក្ខីភាពនៃក្តីសង្ឃឹម៖ បង្ហាញពីភាពជោគជ័យនៃការព្យាបាល ដើម្បីកាត់បន្ថយការភ័យខ្លាច កាត់បន្ថយការរើសអើង និងផ្តល់កម្លាំងចិត្តដល់អ្នកជំងឺ។
៤-ចូលរួមចលនាសាកល៖ ភ្ជាប់កម្ពុជាទៅនឹងចលនារបស់ពិភពលោក ក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់លើស្ត្រី។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការផ្សព្វផ្សាយពីជំងឺមហារីកសុដន់ (Breast Cancer Awareness) ត្រូវបានរៀបចំឡើងតាមរូបភាពផ្សេងៗគ្នាជារៀងរាល់ឆ្នាំ ដោយប្រទេសជាច្រើននៅជុំវិញពិភពលោក។