October 05, 2026
រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ សម្រាប់ខែតុលា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់ដែលថ្នាក់ដឹកនាំតាមមូលដ្ឋាន និងអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ពង្រឹងភាពជាអ្នកដឹកនាំក្នុងអង្គភាព ឱ្យមន្ត្រីស្វែងយល់បន្ថែម យល់ពីការងារ មានយន្តការតាមដានការអនុវត្តការងារ និងបណ្តុះបណ្តាលឱ្យទៅជាវប្បធម៌ការងារប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំត្រូវបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សម្ភារៈ និងបរិក្ខារ ឱ្យមានប្រសិទ្ធភាព ពង្រឹងសមត្ថភាពត្រួតពិនិត្យគុណភាពផលិតផលក្រោយចរាចរលើទីផ្សារ និងការពង្រឹងការអប់រំបណ្តុះបណ្តាល។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក បន្តតាមដានការងារប្រយុទ្ធនឹងជំងឺឆ្លងដែលកំពុងមានការឆ្លងរាតត្បាតនៅតាមបណ្តាប្រទេសមួយចំនួន ដូចជាជំងឺអេបូឡា និងជំងឺឆ្លងផ្សេងៗ ដោយត្រូវបង្កើនការតាមដាន ជាពិសេសធ្លាប់ឆ្លងកាត់ប្រទេសដែលកំពុងមានហានីភ័យ។
មុននឹងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំឱ្យថ្នាក់ដឹកនាំគ្រប់កម្រិត បន្តយកចិត្តទុកដាក់ខ្ពស់លើការងារទទួលបន្ទុករៀងខ្លួន មានយន្តការតាមដានច្បាស់លាស់ និងបំពេញការងារដោយភាពប្រុងប្រយ័ត្ន ដើម្បីជំរុញការកែលម្អជាបន្តបន្ទាប់ និងធានាប្រសិទ្ធភាពនៃការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។