October 10, 2026
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី គោលការណ៍ណែនាំការគ្រប់គ្រង និងការធានាគុណភាពរូបភាពវេជ្ជសាស្ត្រ ក្នុងកម្មវិធីគ្រប់គ្រងជំងឺមហារីក។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធ ដើម្បីពង្រឹង និងកែលម្អគោលការណ៍ណែនាំស្តីពីការគ្រប់គ្រង និងការធានាគុណភាពរូបភាពវេជ្ជសាស្ត្រ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ គោលបំណងនេះក៏សំដៅរួមចំណែកលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការផ្តល់សេវារូបភាពវេជ្ជសាស្ត្រនៅកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ អ្នកចូលរួមបានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍យ៉ាងផុសផុល ព្រមទាំងបានផ្តល់ធាតុចូលសំខាន់ៗ ដើម្បីកែលម្អគោលការណ៍ណែនាំឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត។
ជាមួយគ្នានេះ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ អ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី បានចុះបំពេញបេសកកម្មសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នៅតាមមន្ទីរពេទ្យគោលដៅ ក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីស្ថានភាព និងបរិបទនៃការផ្តល់សេវារូបភាពវិទ្យុសាស្ត្រ។ អ្នកជំនាញក៏បានចែករំលែកបទពិសោធន៍ និងចំណេះដឹងបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រង និងការធានាគុណភាពនៅក្នុងផ្នែករូបភាពវេជ្ជសាស្ត្រ ជូនដល់មន្ត្រីសុខាភិបាលពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ C/Can ដែលបានសហការជាមួយនាយកដ្ឋានការពារសុខភាព ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នេះឡើង។
ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អ្នកជំនាញ គ្រូពេទ្យ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការជំរុញការរៀបចំគោលការណ៍ណែនាំដ៏មានសារៈសំខាន់នេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកជំទាវវេជ្ជបណ្ឌិត គ្រួច រ៉ាយូណែត ទីប្រឹក្សាក្រសួងសុខាភិបាល នាយកដ្ឋានការពារសុខភាព និងប្រធានការិយាល័យប្រយុទ្ធនឹងជំងឺមិនឆ្លង ព្រមទាំងលោកស្រីវេជ្ជបណ្ឌិត ស៊ីទី ន័រស្យាហ្វីកា អ្នកឯកទេសរូបវិទ្យាវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលជាតិមហារីកប្រទេសម៉ាឡេស៊ី និងលោកវេជ្ជបណ្ឌិត វ៉ារ៉ឺន សូឡី វេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្ត្រនុយក្លេអ៊ែរ និងជាប្រធានក្រុមសម្របសម្រួលគម្រោងវិទ្យុសាស្ត្រ និងវេជ្ជសាស្ត្រនុយក្លេអ៊ែរនៃអង្គការ C/Can រួមមានវេជ្ជបណ្ឌិតឯកទេសវិទ្យុសាស្ត្រ អ្នកបច្ចេកទេសរូបវិទ្យាវេជ្ជសាស្ត្រ និងអ្នកបច្ចេកទេសវិទ្យុសាស្ត្រ មកពីមន្ទីរពេទ្យធំៗចំនួន ០៦ រួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យ Japan Heart សរុបចំនួន ២២រូប។